(ស៉ីដនី)៖ រដ្ឋវិចតូរៀ (Victoria) នៃប្រទេសអូស្រ្តាលី នៅថ្ងៃអាទិត្យនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ២៧៣នាក់ថែមទៀត រួមជាមួយនិងអ្នកស្លាប់ម្នាក់ផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២០។
ករណីឆ្លងដែលត្រូវបានរាយការណ៍នៅថ្ងៃអាទិត្យនេះ គឺជាអត្រាខ្ពស់បំផុតទី២សម្រាប់រដ្ឋ Victoria ដែលជារដ្ឋមានប្រជាជនច្រើន ជាងគេ ទី២ របស់ប្រទេសអូស្រ្តាលី បន្ទាប់ពីតួលេខ២៨៨នាក់ ដែលត្រូវបានរាយការណ៍កាលពីថ្ងៃសុក្រកន្លងទៅ។ ការរកឃើញករណីឆ្លងខ្ពស់ៗ បែបនេះ គឺស្របពេលដែលរដ្ឋ Victoria បាននិងកំពុងបង្កើនការធ្វើតេស្តរកអ្នកឆ្លង COVID-19 ពោលគឺមានការធ្វើតេស្តលើមនុស្សច្រើន ជាង៣ម៉ឺន នាក់ ក្នុងមួយថ្ងៃ។
គួរជម្រាបថា រដ្ឋនិងដែនដីចំនួន៧ផ្សេងទៀតរបស់អូស្រ្តាលី បានសម្រេចហាមឃាត់អ្នកធ្វើដំណើរមកពីរដ្ឋ Victoria។ គិតត្រឹមពេលនេះ អូស្រ្តាលីមានករណីឆ្លង COVID-19 ជិត១ម៉ឺននាក់ ក្នុងនោះស្លាប់ជាង១០០នាក់៕