(វ៉ាស៊ីនតោន)៖ អ្នកជំនាញជាន់ខ្ពស់ប្រចាំសហរដ្ឋអាមេរិកលោក អាន់ថូនី ហ្វាស៊ី (Anthony Fauci) ដែលកន្លងមកតែងតែមានទស្សនៈ ផ្ទុយពីលោក ដូណាល់ ត្រាំ ទាក់ទិននឹងការដោះស្រាយវិបត្តិ COVID-19 នោះ នៅទីបំផុតបានទទួលសំឡេងគាំទ្ររហូតដល់ទៅ ៦៥% ពីសំណាក់ពលរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០។
ការគាំទ្រជាង ៦០% នោះ គឺទៅលើព័ត៌មានស្តីអំពី COVID-19 ដែលលោក Fauci បានប្រាប់ទៅកាន់ប្រជាជនអាមេរិកជាប្រចាំ។ លទ្ធផលនៃការស្ទង់មតិពីសកលវិទ្យាល័យ ឃ្វីននីភីក (Quinnipiac) បានបង្ហាញឲ្យឃើញថា ពលរដ្ឋអាមេរិក ៦៧% មិនទុកចិត្តព័ត៌មានអំពី COVID-19 ដែលត្រូវបានប្រកាសដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ នោះឡើយ ហើយមានតែ ៣០%ប៉ុណ្ណោះដែលជឿជាក់ប្រធានាធិបតីរបស់ខ្លួន។
ដោយឡែកងាកមកកាន់លោក Fauci វិញ ប្រជាជនអាមេរិករហូតដល់ទៅ ៦៥% ជឿលើព័ត៌មាននានាអំពី COVID-19 ដែលអ្នកជំនាញជាន់ខ្ពស់រូបនេះ បានបង្ហាញប្រាប់ពួកគេ ខណៈពលរដ្ឋ ២៦% ទៀតមិនជឿឡើយ។ ការស្ទង់មតិនេះ ត្រូវបានគេមើលឃើញថា បានកើតមានឡើងចំពេលដែលសេតវិមាន កំពុងព្យាយាមរារាំងលោក Fauci មិនឲ្យកាន់តែតួនាទីនេះតទៅទៀត ព្រោះតែលោកតែងមានគំនិត មិនស្របគ្នាជាមួយលោកប្រធានាធិបតី ត្រាំ និងមន្ត្រីសេតវិមានមួយចំនួនទៀត៕