(វ៉ាស៊ីនតោន)៖ លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វាស៊ី (Anthony Fauci) អ្នកជំនាញជាន់ខ្ពស់ផ្នែកជំងឺឆ្លង របស់សហរដ្ឋអាមេរិកបានព្រមានធ្ងន់ៗថា ប្រសិនបើអាមេរិកនៅតែមិនព្រមចាប់ដៃគ្នាជាធ្លុងមួយ ដើម្បីចាត់វិធានការចាំបាច់ ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា (COVID-19) ឲ្យបានទាន់ពេលវេលាទេនោះ គឺមិនយូរទេករណីឆ្លងថ្មីៗអាចកើនដល់ ១០០,០០០នាក់ក្នុងមួយថ្ងៃជាមិនខាន។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មានCNA នាព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០។
ការលើកឡើងរបស់អ្នកជំនាញជាន់ខ្ពស់ ផ្នែកជំងឺឆ្លងដ៏ល្បីល្បាញរូបនេះ បានធ្វើឡើងក្រោយពីតួលេខអ្នកឆ្លង COVID-19 នៅសហរដ្ឋអាមេរិកនារយៈពេលចុងក្រោយនេះ ហាក់មិនមានការថមថយទាល់តែសោះ ប៉ុន្តែផ្ទុយទៅវិញបែរជាមានការកើនឡើងជាលំដាប់ និងបានបំបែកកំណត់ត្រាផ្ទួនៗគ្នាទៀតផង។ ជាក់ស្តែងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ប្រទេសមហាអំណាចមួយនេះ បានកត់ត្រាករណីឆ្លងថ្មីៗ រហូតទៅដល់ជាង ៧៥,០០០ករណី ដែលជាការបំបែកកំណត់ត្រាជាលើកទី ៧ នៅក្នុងខែនេះ។
ចំណែកឯករណីស្លាប់វិញ ក៏មានការកើនឡើងដូចគ្នាដែរ នារយៈពេលចុងក្រោយនេះ ដោយអត្រាអ្នកស្លាប់ថ្មីៗបានឈានដល់កម្រិតខ្ពស់បំផុត ពុំធ្លាប់មានពីមុនមកទេ បើរាប់ចាប់តាំងពីដើមខែមិថុនាមក។ បណ្តារដ្ឋដែលរងគ្រោះធ្ងន់ធ្ងរជាងគេ គេឃើញមានដូចជា រដ្ឋអារីហ្សូណា (Arizona), រដ្ឋកាលីហ្វ័រញ៉ា (California), រដ្ឋផ្លរីដា (Florida) និងរដ្ឋតិចសាស់ (Texas) ផងដែរ។
ទោះជាបែបនេះក្តី អ្នកនយោបាយអាមេរិកមានការខ្វែងគំនិត និងបែកបាកើគ្នាកាន់តែខ្លាំងឡើងៗ ជុំវិញការចាត់ចែងលើវិបត្តិដ៏ធំមួយនេះ ដោយអ្នកខ្លះបានផ្តល់អាទិភាព លើការបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ បើទោះបីជាស្ថានការណ៍ COVID-19 នៅក្នុងប្រទេស បន្តស្ថិតក្នុងភាពក្តៅគគុកក៏ដោយ។ ចំណែកឯនៅម្ខាងទៀត បានផ្តល់អាទិភាពលើសុខមាលភាពជាចម្បង ដោយបានជំរុញឲ្យអាជ្ញាធរបន្តចាត់វិធានការក្តៅ ដើម្បីទប់ស្កាត់ជំងឺដ៏កាចសាហាវមួយនេះ។
គួរជម្រាបថា សហរដ្ឋអាមេរិកដែលមានអ្នកឆ្លង និងស្លាប់ច្រើនជាងគេបំផុតនៅលើពិភពលោក បច្ចុប្បន្ននេះមានករណីឆ្លងសរុបជាង ៣.៦លានករណី ក្នុងនោះស្លាប់ជាង ១៤ម៉ឺននាក់ និងជាសះស្បើយជាង ១.៦លាននាក់៕