(តៃប៉ិ)៖ ជម្លោះឈានដល់ការវាយតប់គ្នា បានកើតមានឡើងទាំងក្នុង និងក្រៅអគារសភាកោះតៃវ៉ាន់ ពាក់ព័ន្ធនឹងការតែងតាំំង មន្ត្រីជំនិតប្រធានាធិបតីមួយរូប ឲ្យកាន់តំណែងក្នុងស្ថាប័នអង្កេតការណ៍ឯករាជ្យ ដែលត្រូវបានបក្សប្រឆាំងគូមីនតាង (Kuomintang ឬ KMT) ចោទថា ជាទង្វើផ្តាច់ការ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០។
មន្ត្រីដែលត្រូវបានតែងតាំងដោយលោកស្រីប្រធានាធិបតី ត្សៃ អ៉ីងវិន នោះគឺជាមនុស្សជំនិតរបស់លោកស្រីផ្ទាល់។ លោកស្រី ឈិន ជូ (Chen Chu) ត្រូវបានលោកស្រី ត្សៃ អ៉ីងវិន តែងតាំងជាអ្នកអង្កេតការណ៍ជាន់ខ្ពស់ ទៅលើរដ្ឋាភិបាលលោកស្រីផ្ទាល់ ខណៈទង្វើបែបនេះត្រូវបានបក្សគូមីនតាង ដែលជាបក្សប្រឆាំងធំបំផុតនៅកោះតៃវ៉ាន់ចោទថា ជាទង្វើ «ផ្តាច់ការ» ឬមិនសមរម្យមួយ ដែលប្រធានាធិបតីជ្រើសរើសជំនួយការជាន់ខ្ពស់ខ្លួនឯង ឲ្យធ្វើការងារជាអ្នកអង្កេតការណ៍ឯករាជ្យ ទៅលើរដ្ឋាភិបាលលោកស្រីបែបនេះ។
សមាជិកសភានៃបក្សគូមីនតាង បានចូលកាន់កាប់អគារសភា អស់រយៈពេលបីថ្ងៃជាប់ៗគ្នាមកហើយ ព្រមទាំងបានផ្ទុះជម្លោះវាយតប់គ្នា ជាមួយសមាជិកសភាដូចគ្នាផងដែរ។ ដោយឡែកនៅខាងក្រៅអគារសភាវិញ ក្រុមអ្នកគាំទ្របក្សគូមីនតាងជាង ១០០នាក បានផ្ទុះជម្លោះវាយតប់ ជាមួយកងកម្លាំងប៉ូលិស។
គួរបញ្ជាក់ថា ជម្លោះដល់ថ្នាក់វាយតប់គ្នានៅក្នុងសភា បានកើតមានឡើង ក្រោយពីសមាជិកសភានៃបក្សគូមីនតាង ព្យាយាមរារាំងសមាជិកគណបក្សកាន់អំណាច DPP របស់លោកស្រី ត្សៃ អ៉ីងវិន មិនឲ្យចូលទៅបោះឆ្នោតសម្រេចគាំទ្រលោកស្រី Chen Chu តាមការតែងតាំងរបស់លោកស្រីប្រធានាធិបតី៕