(ឡូសអាន់ជែឡែស)៖ អភិបាលរដ្ឋកាលីហ្វ័រញ៉ាលោក ហ្គាវីន ញូសុម (Gavin Newsom) នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បានសម្រេចដាក់ចេញនូវគោលការណ៍ណែនាំថ្មី សម្រាប់ផែនការបើកសាលារៀនឡើងវិញ នៅក្នុងរដ្ឋដែលមានប្រជាជនច្រើនបំផុត របស់អាមេរិកមួយនេះ ចំពេលដែលស្ថានការណ៍ COVID-19 នៅក្នុងប្រទេសបន្តស្ថិតក្នុងភាពក្តៅគគុក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២០។
«វីរុសនឹងនៅជាមួយយើង ក្នុងរយៈពេលដ៏យូរទៀត យ៉ាងហោចណាស់ក៏មួយឆ្នាំទៅពីរឆ្នាំទៀតដែរ។ ដូច្នេះស្ថាប័នអប់រំត្រូវតែផ្តល់ការណែនាំ ដែលល្អបំផុតនៅចំពោះវិបត្តិសកលនេះ។ អាជ្ញាធរសុខាភិបាលរដ្ឋកាលីហ្វ័រញ៉ានឹងកំណត់ថា តើសាលារៀនអាចត្រូវបានបើកនៅពេលណា ហើយនៅពេលណាដែលត្រូវបិទទ្វារវិញ ប៉ុន្តែការរៀនសូត្រមិនត្រូវឈប់ឡើយ»។ នេះជាការលើកឡើងរបស់លោក Newsom នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រសប្តាហ៍នេះ។
យោងតាមផែនការសិក្សា និងសាលាមានសុវត្ថិភាពរបស់អភិបាលរដ្ឋរូបនេះ សម្រាប់ឆ្នាំសិក្សា ២០២០- ២០២១ គឺនឹងត្រូវកំណត់តាមរយៈស្ថានការណ៍ជាក់ស្តែង នៃការវិវឌ្ឈន៍របស់ជំងឺ COVID-19 នៅក្នុងស្រុក។ ក្នុងន័យនេះ សាលារៀនណាដែលស្ថិតក្នុងតំបន់ ដែលអាជ្ញាធរកំពុងតាមដាន នោះនឹងមិនត្រូវបានអនុញ្ញាត ឲ្យបើកដំណើរបង្រៀននៅសាលានោះទេ រហូតទាល់តែតំបន់នោះ លែងមានករណីឆ្លងថ្មីៗរាយការណ៍ចំនួន ១៥ថ្ងៃជាប់ៗគ្នា។ ចំណែកឯសាលារៀន ដែលមិនស្ថិតក្នុងតំបន់តាមដានទេនោះ គេអាចបើកបំណើរការបង្រៀន នៅសាលាដោយផ្ទាល់បាន ដោយគោរពតាមគោលការណ៍ណែនាំ របស់អាជ្ញាធរសុខាភិបាល។
ក្នុងករណីដែលសាលារៀនបានបើកដំណើរការហើយ ប៉ុន្តែស្រាប់តែផ្ទុះករណីឆ្លង COVID-19 ជាច្រើនករណី ឬស្មើនឹង ៥% នៃសិស្សនិស្សិត ឬបុគ្គលិកទាំងអស់ នោះសាលារៀននោះត្រូវតែត្រឡប់ ទៅបង្រៀនតាមអនឡាញជំនួយវិញក្នុងរយៈពេល ១៤ថ្ងៃ ហើយក្រោយពី ១៤ថ្ងៃ សាលារៀនទាំងនោះអាចបើកដំណើរការធម្មតា ដោយគោរពតាមគោលការណ៍ណែនាំសុខភាព របស់អាជ្ញាធរសុខាភិបាល។
ទោះជាយ៉ាងណា ស្ថានប័នអប់រំមួយចំនួនបានប្រកាសរួចស្រេចទៅហើយថា ពួកគេនឹងមិនបើកសាលារៀនឡើងវិញ ដូចធម្មតានោះទេសម្រាប់ឆ្នាំសិក្សាថ្មី ដែលនឹងចាប់ផ្តើមនៅខែក្រោយនេះ ដោយសារតែក្តីបារម្ភខ្លាំង ជុំវិញការផ្ទុះរីករាលដាលនៃជំងឺ COVID-19។ សមាគមគ្រូបង្រៀនរដ្ឋកាលីហ្វ័រញ៉ា ដែលមានសមាជិកប្រមាណ ៣១០,០០០នាក់ ក៏បានផ្ញើលិខិតមួយ ទៅកាន់លោកអភិបាលរដ្ឋកាលពីសប្តាហ៍មុនផងដែរ ដោយកត់សម្គាល់ថា រដ្ឋកាលីហ្វ័រញ៉ាមិនអាចបើកសាលារៀនឡើងវិញបានទេ ប្រសិនបើពួកគេគ្មានសុវត្ថិភាព៕