(អាមេរិក)៖ នៅទីបំផុតអង្គការ NASA របស់អាមេរិក បានសម្រេចប្រកាសពេលជាផ្លូវការ ដែលត្រូវពន្យារការបាញ់បង្ហោះកែវយឺតអវកាស James Webb នោះហើយ ដោយវាត្រូវលើកទៅធ្វើឡើងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ខាងមុខវិញ។ នេះបើតាមសេចក្តីប្រកាសដោយវែបសាយអង្គការ NASA ផ្ទាល់ ដែលត្រូវបានដកស្រង់នៅថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២០។
កែវយឺតអវកាសដែលមានសមត្ថភាព ឆ្លុះមើលបរិយាកាសនៃភពអេលៀន និងស្រាវជ្រាវអាថ៌កំបាំងជាច្រើនទៀតក្នុងកាឡាក់ស៊ីនេះ ត្រូវបានពន្យារពេលបាញ់បង្ហោះ ជាច្រើនលើកច្រើនសារមកហើយ ដោយសារតែបញ្ហាបច្ចេកទេសមិនចេះចប់មិនចេះហើយ និងជាពិសេសគឺទំហំខ្លួនដ៏ធំរបស់វានោះតែម្តង។ ពេលវេលាចុងក្រោយ ដែលត្រូវបានកំណត់ដើម្បីបាញ់បង្ហោះ James Webb នោះគឺនៅក្នុងខែមីនា ឆ្នាំ២០២១។
គួរបញ្ជាក់ថា មូលហេតុចម្បងនៃការពន្យារពេលនេះ គឺដោយសារតែជំងឺរាតត្បាតសកល COVID-19 ដែលបាននិងកំពុងបង្ក ឲ្យសកម្មភាពត្រួតពិនិត្យបច្ចេកទេស និងការធ្វើតេស្តមួយចំនួន ត្រូវរាំងស្ទះ ឬយឺតយ៉ាវជាងការគ្រោងទុក។ James Webb Space Telescope ឬហៅកាត់ខ្លីថា JWST ត្រូវបានលេចរូបរាងឡើងដំបូង កាលពីអំឡុងទសវត្សរ៍ ១៩៩០ ជាមួយតម្លៃអភិវឌ្ឍចាប់ពី ១ ទៅ ៣.៥ពាន់លានដុល្លារប៉ុណ្ណោះ និងគ្រោងធ្វើការបាញ់បង្ហោះកាលពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១១។
យ៉ាងណាក៏ដោយ ការពន្យារពេលត្រូវបានធ្វើឡើង ព្រោះនៅឆ្នាំ២០១១ សភាអាមេរិក បានសម្រេចបន្ថែមថវិកា ៨ពាន់លានដុល្លារទៀត ឲ្យសើរើគម្រោងអភិវឌ្ឍ James Webb ទាំងមូលឡើងវិញ ដើម្បីធ្វើការបាញ់បង្ហោះនៅឆ្នាំ២០១៥ ហើយក្រោយមកវាក៏ត្រូវបានពន្យារ ទៅដល់ឆ្នាំ២០១៨។ នៅឆ្នាំ២០១៨ NASA បានស្នើសុំថវិកាបន្ថែម រហូតដល់គម្រោងផលិត James Webb ត្រូវបានចំណាយថវិការហូតដល់ ៩.៦៦ពាន់លានដុល្លារដូចពេលនេះតែម្តង៕