(ញូដេលី)៖ តាមទិន្នន័យចុងក្រោយដែលចេញផ្សាយដោយក្រសួង សុខាភិបាលឥណ្ឌានៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា ខ្លួនបានរកករណីឆ្លង COVID-19 ថ្មីៗចំនួន ៣៤,៨៨៤នាក់បន្ថែម និងអ្នកជំងឺ ៦៧១នាក់ទៀតបានស្លាប់ ដែលធ្វើឱ្យករណីឆ្លងសរុបកើនដល់ ១,០៣៨,៧១៦ករណី ក្នុងនោះមនុស្សសរុប ២៦,២៧៣នាក់បានស្លាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃសៅរ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២០។
យោងតាមអាជ្ញាធរសុខាភិបាលឥណ្ឌាបានឱ្យដឹងទៀតថា រហូតមកដល់ពេលនេះមនុស្សសរុប ៦៥៣,៧៥១នាក់ហើយបានជាសះស្បើយឡើងវិញ ខណៈតួលេខនៃអ្នកជំងឺសកម្ម ឬអ្នកជំងឺដែលកំពុងតែសម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យនានាទូទាំងប្រទេសមានចំនួន ៣៥៨,៦៩២នាក់។ សម្រាប់តួលេខឆ្លងថ្មីៗខាងលើនេះ គឺខ្ពស់ជាងតួលេខឆ្លងដែលត្រូវបានបញ្ចេញកាលពីថ្ងៃសុក្រម្សិលមិញនេះទៅទៀត។
គួរបញ្ជាក់ថា ឥណ្ឌាគឺជាប្រទេសដែលមានអ្នកឆ្លង COVID-19 ជាងច្រើងគេបំផុតលំដាប់ទី ៣ នៅលើពិភពលោក និងជាប្រទេសទីបីផងដែរ ដែលមានករណីឆ្លងលោតដល់ខ្ទង់លាននាក់។
ងាកទៅកាន់ការអភិវឌ្ឍវ៉ាក់សាំងវិញ ការចាក់សាកល្បងវ៉ាក់សាំង COVID-19 ឈ្មោះ ខូវ៉ាស៊ីន (COVAXIN) លើមនុស្ស ដែលអភិវឌ្ឍដោយក្រុមហ៊ុនជីវៈឱសថ បារ៉ាត់ (Bharat) បានចាប់ផ្តើមនៅមន្ទីរពេទ្យរដ្ឋមួយ នៃភាគខាងជើងនៃរដ្ឋ ហារីយ៉ាណា (Haryana) កាលពីថ្ងៃសុក្រសប្តាហ៍នេះហើយ ដោយមនុស្សបីនាក់ត្រូវបានអនុញ្ញាត ឱ្យចាក់សាក់ល្បងវ៉ាក់សាំងនេះ ហើយលទ្ធផលបានបង្ហាញថា គ្មានផងប៉ះពាល់អ្វីនោះទេ ប៉ុន្តែត្រូវរង់ចាំលទ្ធផលសម្រេចបន្តទៀត៕