(ម៉ានីល)៖ ក្រសួងការបរទេសហ្វីលីពីនបានប្រាប់សភាសហរដ្ឋអាមេរិកថា សេរីភាពនយោបាយ និងសិទ្ធិមនុស្សនឹងនៅតែទទួលបានការគោរពដដែល ក្រោយពីមានក្តីបារម្ភជុំវិញច្បាប់ប្រឆាំងនឹងអំពើភេរវកម្មរបស់ប្រទេសហ្វីលីពីន ដែលទើបតែបានចូលជាធរមាន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២០។
តាមរយៈលិខិតមួយផ្ញើទៅកាន់តំណាងរាស្ត្រអាមេរិកចំនួន៥០រូប ដែលមានចុះកាលបរិច្ឆេទកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ស្ថានទូតហ្វីលីពីនប្រចាំទីក្រុងវ៉ាស៊ីនតោន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសហ្វីលីពីននៅតែប្តេជ្ញាការពារសិទ្ធិមនុស្ស និងសេរីភាពនយោបាយជានិច្ច»។ លិខិតដដែលនោះ បានសង្កត់ធ្ងន់ថា «ច្បាប់ប្រឆាំងនឹងភេរវកម្មនោះផ្ទាល់ បានកំណត់យ៉ាងម៉ឺងម៉ាត់ថា សិទ្ធិមនុស្សទទួលបានការការពារដាច់ខាត»។
គួរជម្រាបថា ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte ) កន្លងទៅក្នុងខែកក្កដានេះ បានចុះហត្ថលេខាលើ ច្បាប់ប្រឆាំងអំពើភេរវកម្មដ៏តឹងរ៉ឹងមួយ ដែលចូលជាធរមាននៅថ្ងៃទី១៨ ខែកក្កដានេះតែម្តង។ ច្បាប់នេះ ត្រូវបានក្រុមអ្នករិះគន់ និងក្រុមការពារសិទ្ធិមនុស្ស ចាត់ទុកថាជាអាវុធដើម្បីវាយប្រហាគូរប្រជែង និងជាអាវុធសម្រាប់បំបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ ចំណែកឯ លោក ឌូតឺតេ ខ្លួនឯងផ្ទាល់ បាននិយាយការពារច្បាប់នេះថា ពលរដ្ឋដែលគោរពច្បាប់ មិនគួរភ័យខ្លាចទេ ព្រោះវាធ្វើឡើងដោយមានគោលដៅតែទៅលើ ពួកភេរវករនិងក្រុមបះបោរប៉ុណ្ណោះ៕