(វ៉ាស៉ីនតោន)៖ លោក ចូ បៃដិន ដែលជាបេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ នៅថ្ងៃសុក្រសប្តាហ៍នេះបាននិយាយថា លោកឥឡូវក៏ទទួលបានព័ត៌មានសម្ងាត់ពីចារកម្មអាមេរិកផងដែរ ហើយលោកទទួលដំណឹងថា រុស្ស៉ីកំពុងតែបន្តព្យាយាមជ្រៀតជ្រែក
ក្នុងការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារពត៌មាន CNA នៅថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២០។
វាមិនច្បាស់នោះទេថាលោក បៃដិន បានចាប់ផ្តើមទទួលបានព័ត៌មានសម្ងាត់ផ្ទៃក្នុងរបស់ចារកម្មអាមេរិក តាំងពីពេលណា ក៏ប៉ុន្តែវាគឺជា រឿងធម្មតាទេ សម្រាប់បេក្ខជនប្រធានាធិបតីអាមេរិក។ យ៉ាងណាក្តី អតីតអនុប្រធានាធិបតីជំនាន់រដ្ឋបាលលោក បារ៉ាក់ អូបាម់ា រូបនេះ បានព្រមានធ្ងន់ៗថា ប្រសិនបើរុស្ស៉ីនៅតែបន្តព្យាយាមលូកលាន់ការបោះឆ្នោត នោះពួកគេនឹងត្រូវតបស្នងតម្លៃពិតប្រាកដមួយ ប្រសិន បើលោកទទួលជ័យជម្នះលើលោក ត្រាំ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ខាងមុខ។
គួរបញ្ជាក់ថា កន្លងទៅ បណ្តាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក បានរកឃើញថា ប្រទេសរុស្ស៊ីបានធ្វើសកម្មភាពដើម្បីជួយលោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦។ ការចោទប្រកាន់នោះ ត្រូវបានរុស្ស៉ីទាត់ចោល ហើយលោក ត្រាំ វិញ ហៅវាថាជា រឿងបោកបញ្ឆោតគ្មានការពិត៕