(តូក្យូ)៖ គ្រាប់រ៉ុក្កែត H2A របស់ក្រុមហ៊ុនឧស្សាហកម្មជប៉ុន មីតស៊ូប៊ីស៊ី (Mitsubishi) នៅទីបំផុតបានដឹកនាំយាន-ផ្កាយរណបរបស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ទៅកាន់ទីអវកាសប្រកបដោយជោគជ័យហើយ ក្រោយពីវាត្រូវបានបាញ់បង្ហោះកាលពីវេលាម៉ោង ៦៖៥៨នាទីព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០ នេះតែម្តង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
រ៉ុក្កែត H2A ត្រូវបានបាញ់បង្ហោះចេញពីមូលដ្ឋាននៃមជ្ឈមណ្ឌលអវកាស តាណេហ្គាស៊ីម៉ា (Tanegashima) ស្ថិតនៅក្នុងខេត្តកាហ្គោស៊ីម៉ា (Kagoshima) ភាគនិរតីប្រទេសជប៉ុន ក្រោយពីត្រូវបានពន្យារពេលបាញ់ អស់ប៉ុន្មានថ្ងៃមកនេះ ដោយសារតែអាកាសធាតុមិនអំណោយផល។
យាន-ផ្កាយរណបអាម៉ាល់ (Amal) ឬមានន័យថា «ក្តីសង្ឃឹម» ខាងលើនេះ ត្រូវបានអភិវឌ្ឍឡើងដោយទីភ្នាក់ងារអវកាស ម៉ូហាំម៉េដ ប៊ីន រ៉ាស៊ីដ (Mohammed bin Rashid) របស់អេមីរ៉ាត់អារ៉ាប់រួម ហើយវាត្រូវបានគេរំពឹងថា នឹងធ្វើដំណើរក្នុងរយៈចម្ងាយ ៤៩៣.៥លានគីឡូម៉ែត្រ ទើបទៅដល់ភពអង្គារនៅអំឡុងខែកុម្ភៈ ឆ្នាំ២០២១ ឬស្មើនឹងរយៈពេលធ្វើដំណើរជាង ៧ខែ។
Amal គឺជាយានស្រាវជ្រាវពីលើអាកាសដំបូង ដែលអេមីរ៉ាត់អារ៉ាប់រួមបានធ្វើ និងតំណាងឲ្យតំបន់អារ៉ាប់ទាំងមូលផងដែរ។ Amal មានតួខ្លួនប្រវែង ២.៩ម៉ែត្រ ហើយនៅពេលពន្លាតបន្ទះសូឡាដើម្បីស្រូបពន្លឺព្រះអាទិត្យ វានឹងមានប្រវែងរហូតដល់ ៨ម៉ែត្រ ជាមួយនិងទម្ងន់ ១.៥តោន។ Amal ឬ Hope មានតួនាទីសិក្សាអំពីសីតុណ្ហភាព និងសមាសធាតុផ្សំសំខាន់ៗ នៅក្នុងបរិយាកាសភពអង្គារ ដើម្បីស្វែងរកមូលហេតុថា តើហេតុអ្វីបានជាភពក្រហមនេះ បាត់បង់បរិយាកាសស្ទើរអស់រលីងបែបនេះ។
គួរបញ្ជាក់ថា យាន-ផ្កាយរណប Amal នឹងស្ថិតនៅរយៈកម្ពស់ចាប់ពី ២០,០០០ ទៅ ៤០,០០០គីឡូម៉ែត្រពីផ្ទៃភពព្រះអង្គារ ហើយវានឹងគោចរជុំវិញភពនេះមួយជុំ ក្នុងរយៈពេល ៥៥ម៉ោង។ អ្នកគ្រប់គ្រងបេសកកម្ម Amal លោក អូមរ៉ាន ហ្សារ៉ាហ្វ (Omran Sharaf) បានលើកឡើងថា យាន-ផ្កាយរណបមួយនេះ នឹងជួយជម្រុញយុទ្ធសាស្ត្រអភិវឌ្ឍវិស័យអវកាសរបស់អេមីរ៉ាត់អារ៉ាប់រួម ដើម្បីឲ្យប្រទេសនេះក្លាយជាប្រទេសសេដ្ឋកិច្ចថ្មី នៅថ្ងៃអនាគត៕