(សេអ៊ូល)៖ ទាហានអាមេរិក និងសមាជិកគ្រួសាររបស់ពួកគេ នៅក្នុងប្រទេសកូរ៉េខាងត្បូងចំនួន ១០នាក់ទៀតហើយ ត្រូវបានធ្វើតេស្តឃើញលទ្ធផលវិជ្ជមានចំពោះជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០។
តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួននាថ្ងៃចន្ទនេះ កងកម្លាំងអាមេរិកនៅកូរ៉េខាងត្បូង ដែលហៅកាត់ថា USFK បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សមាជិកសេវាកម្មនៃ USFK ចំនួន ០៦នាក់ និងអ្នកនៅក្នុងបន្ទុករបស់ពួកគេ ០៤នាក់ទៀត (សមាជិកគ្រួសារ) ត្រូវបានបញ្ជាក់ថា ឆ្លងជំងឺ COVID-19 បន្ទាប់ពីពួកគេបានមកដល់ប្រទេសកូរ៉េខាងត្បូង នៅចន្លោះថ្ងៃទី១២ និង១៥ ខែកក្កដាកន្លងទៅនេះ»។
គួរបញ្ជាក់តាមទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ឲ្យដឹងថា រហូតមកទល់ពេលនេះ តួលេខសរុបនៃទាហានអាមរិក និងសមាជិកក្រុមគ្រួសាររបស់ពួកគេ នៅក្នុងកូរ៉េខាងត្បូងដែលឆ្លង COVID-19 បានកើនដល់ ៩៨នាក់ហើយ។
ព័ត៌មាននេះបានកើតឡើងនៅចំពេលដែល ប្រទេសកូរ៉េខាងត្បូង កំពុងតែមានកង្វល់យ៉ាងខ្លាំងជុំវិញការកើនឡើងនៃប្រភេទករណីនាំចូលពីបរទេស។ នៅក្នុងរបាយការណ៍ចុងក្រោយនេះ ប្រទេសដែលមានសេដ្ឋកិច្ចលំដាប់ទី ៤ នៅអាស៊ីមួយនេះបានរកឃើញករណីឆ្លងថ្មីៗចំនួន ២៦នាក់បន្ថែម ដោយក្នុងនោះមាន ២២នាក់ជាប្រភេទករណីនាំចូលពីបរទេស។ ប្រការនេះ វាធ្វើឲ្យករណីនាំចូលសរុបបានកើនដល់ ២,០៦៧ករណី នៅចំណោមករណីសរុបទាំង ១៣,៧៧១ករណី៕