(រ៉ង់ហ្គូន)៖ ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃអង្គារនេះ បានបើកទ្វារសាលារៀនថ្នាក់វិទ្យាល័យមួយចំនួនធំឡើងវិញហើយ បន្ទាប់ពីបានផ្អាកអស់រយៈពេលជិត២ខែ ដោយសារតែ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០។
លោក U Ko Lay Win អគ្គនាយកនៃនាយកដ្ឋានចំណេះទូទៅរបស់ក្រសួងអប់រំមីយ៉ាន់ម៉ា បាននិយាយថា ក្នុងចំណោមវិទ្យាល័យសរុបចំនួន ៥,៨៣០កន្លែង ដែលបានឆ្លងកាត់ការត្រួតពិនិត្យដោយអាជ្ញាធរពាក់ព័ន្ធ មានវិទ្យាល័យចំនួន៣,៧៧២ទីតាំង ត្រូវបានអនុញ្ញាតិឱ្យបើកទ្វារឡើងវិញ នៅក្នុងដំណាក់កាលដំបូង។
សាលារៀនទាំងនោះ ត្រូវបានតម្រូវឲ្យអនុវត្តវិធានការបង្ការផ្សេងៗដូចជា ការរក្សាគម្លាតសុវត្ថិភាពនៅក្នុងថ្នាក់រៀន ប្រព័ន្ធឆ្លាស់វេន និង ចំណាត់ការដទៃៗទៀត។ បើតាមមន្រ្តីអប់រំខាងលើ នៅទូទាំងប្រទេសមីយ៉ាន់ម៉ា គឺមានសិស្សកម្រិតវិទ្យាល័យសរុបចំនួន១.២លាននាក់។ ជុំវិញការបើកសាលារៀនឡើងវិញនេះ គ្រូបង្រៀនម្នាក់មកពីវិទ្យាល័យមួយ ក្នុងទីក្រុងរ៉ង់ហ្គូនបានឲ្យដឹងថា វាអាចបង្កការលំបាកមួយចំនួន ដល់សិស្សានុសិស្ស ដោយសារតែស្ថានភាពបច្ចុប្បន្ននេះ មិនដូចកាលពីមុនទេនោះទេ។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃអង្គារនេះ យោងតាមតួលេខចុងក្រោយរបស់ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា់ បានឱ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា មានករណីឆ្លង COVID-19 សរុបចំនួន ៣៤១ករណី ក្នុងនោះ៦នាក់បានស្លាប់៕