(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) នៅថ្ងៃពុធសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានជំរុញឲ្យប្រទេសឥណ្ឌា ងាកទៅផ្តោតសំខាន់លើខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកប្រទេសចិន ទៅលើវិស័យទូរគមនាគមន៍ និងផ្នែកវេជ្ជសាស្ត្រ ខណៈដែលទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងកំពុងតែមានសភាព កាន់តែដុនដាបឡើងៗ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០។
តាមរយៈកិច្ចប្រជុំកំពូល នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-ឥណ្ឌា ដែលបានធ្វើឡើងតាមប្រព័ន្ធអនឡាញ នៅថ្ងៃពុធសប្តាហ៍នេះ លោក Mike Pompeo បានលើកឡើងយ៉ាងដូច្នេះថា «ប្រទេសឥណ្ឌាមានឱកាសផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ ឲ្យនៅឆ្ងាយពីប្រទេសចិន និងកាត់បន្ថយការពឹងផ្អែករបស់ខ្លួន លើក្រុមហ៊ុនចិននៅក្នុងវិស័យដូចជា ទូរគមនាគមន៍ និងវិស័យវេជ្ជសាស្ត្រជាដើម»។ រដ្ឋមន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា «ឥណ្ឌាស្ថិតនៅក្នុងជំហរបែបនេះ ក៏ព្រោះតែឥណ្ឌាបានទទួលការជឿទុកចិត្ត ពីបណ្តាប្រទេសជាច្រើននៅលើពិភពលោក រួមទាំងសហរដ្ឋអាមេរិកផងដែរ»។
គួរជម្រាបថា ទំនាក់ទំនងរវាងឥណ្ឌា និងចិនមួយរយៈពេលចុងក្រោយនេះ បានស្គាល់ភាពតានតឹងនឹងគ្នាខ្លាំងឡើងវិញ បន្ទាប់ពីមានការប៉ះទង្គិចគ្នា នៅតាមព្រំដែននៅហិម៉ាល័យកាលពីខែមុន ដែលនៅពេលនោះមានទាហានប្រមាណ ២០នាក់ ត្រូវបានគេរាយការណ៍ថា ស្លាប់បាត់បង់ជីវិត។ ជុំវិញហេតុការណ៍នេះ រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Pompeo បានចោទប្រកាន់ចិនថា គឺជាអ្នកដែលបានផ្តួចផ្តើមជម្លោះនេះ។
ប្រទេសឥណ្ឌា ដែលថ្មីៗនេះបានបិទកម្មវិធី (App) រាប់សិបកម្មវិធីរបស់ចិន មិនឲ្យដំណើរការនៅក្នុងប្រទេសរបស់ខ្លួន ដែលរួមមានទាំងកម្មវិធីកម្សាន្តវីដេអូ TikTok ដែលពេញនិយមបំផុតនោះផងដែរ។ ទោះជាយ៉ាងណា ឥណ្ឌាមិនទាន់មានប្រតិកម្មទៅលើក្រុមហ៊ុន Huawei នៅឡើយទេ បន្ទាប់ពីខ្លួនបានអនុញ្ញាតឲ្យ ក្រុមហ៊ុនទូរគមនាគមន៍ចិនមួយនេះ មកតបណ្តាញ 5G នៅក្នុងប្រទេសយក្សនេះរួមមក។ ឥណ្ឌាគឺជាអ្នកផ្គត់ផ្គង់ថ្នាំ ដ៏សំខាន់បំផុតរបស់ពិភពលោក ខណៈដែលប្រទេសនេះ បានពឹងផ្អែកលើវត្ថុធាតុដើមរបស់ចិនប្រមាណជិត ៧០% សម្រាប់ផលិតផលថ្នាំសង្កូវនាំចេញរបស់ខ្លួន៕