(ម៉ិកស៊ិកូ ស៊ីធី)៖ ក្រសួងការបរទេសម៉ិកស៉ិក បានឱ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា ចិនគ្រោងនឹងផ្តល់ប្រាក់កម្ចី មួយពាន់លានដុល្លារ ដើម្បីអាចឱ្យបណ្តាប្រទេស នៅទូទាំងតំបន់អាមេរិកឡាទីន និងដែនកោះ Caribbean អាចទទួលបានវ៉ាក់សាំង COVID-19 របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសម៉ិចស៉ិក បានឱ្យដឹងទៀតថា ការសន្យារបស់ចិន ធ្វើឡើងនៅក្នុងកិច្ចប្រជុំពីចំងាយជាមួយរដ្ឋមន្ត្រីមកពី បណ្តាប្រទេសអាមេរិកឡាទីន និងប្រទេសដែនកោះ Caribbean ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិក្នុងការដោះស្រាយបញ្ហា COVID-19។ ប្រទេសអាហ្សង់ទីន, បាបាដូ, ឈីលី, កូឡុំប៊ី, កូស្តារីកា, គុយបា, សាធារណរដ្ឋដូមីនីកែន, អេក្វាឌ័រ, ប៉ាណាម៉ា, ប៉េរូ, ទ្រីនីដាដ និងតូបាហ្គូ និង អ៊ុយរ៉ាហ្គាយ ក៏បានចូលរួមផងដែរ។
រដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក Wang Yi បានសង្កត់ធ្ងន់ថា វ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍដោយប្រទេសចិន នឹងបម្រើប្រយោជន៍សាធារណៈ នៅទូទាំងសកលលោក។ លើសពីនេះទៅទៀត ប្រទេសចិនក៏បានសន្យាថាខ្លួននឹងផ្តល់ប្រាក់កម្ចី មួយពាន់លានដុល្លារ ក្នុងការគាំទ្រប្រទេសទាំងនោះឱ្យទទួល បានវ៉ាក់សាំងផងដែរ។ ទោះជាយ៉ាងនេះក្តី មិនទាន់មានព័ត៌មានលម្អិត ថាតើវ៉ាក់សាំងនេះអាចមាន ឬចែកចាយនៅពេលណានោះទេ៕