(ប្រេស៉ីល)៖ ប្រធានាធិបតីប្រេស៉ីល លោក Jair Bolsonaro នាថ្ងៃសៅរ៍នេះ បានឲ្យដឹងថា លោកបានធ្វើតេស្ត COVID-19 ជាថ្មីម្តងទៀត ហើយលទ្ធផលលើកនេះចេញមកគឺ «អវិជ្ជមាន» ជាលើកដំបូង បន្ទាប់ពីលោកបានឆ្លងជំងឺនេះ កាលពីប៉ុន្មានសប្តាហ៍កន្លងទៅ។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២០។
លោក Bosonaro បានប្រកាសពីដំណឹងខាងលើ តាមរយៈការបង្ហោះសារមួយនៅលើបណ្តាញសង្គម Twitter តែលោកពុំបានបញ្ជាក់ថា លោកបានធ្វើតេស្តពីពេលណា ឬប្រាប់អ្វីលើសពីនោះទៀតឡើយ។ លោកប្រធានាធិបតីប្រេស៉ីល បានធ្វើតេស្តចេញលទ្ធផលវិជ្ជមាននៃ COVID-19 ជាលើកដំបូង កាលពីថ្ងៃទី០៧ ខែកក្កដា ហើយការធ្វើតេស្តពីរលើកក្រោយមកទៀត ក៏នៅតែចេញវិជ្ជមានដដែល រហូតមក ដល់ការធ្វើតេស្តលើកចុងក្រោយនេះ ទើបចេញអវិជ្ជមាន។
គួរជម្រាបថា ប្រេស៉ីលជាប្រទេសនៅលេខរៀងទីពីរ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេលើលោក គឺមានអ្នកឆ្លងច្រើន២.៣លាននាក់ ក្នុងនោះស្លាប់ជាង៨.៥ម៉ឺននាក់៕