(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃអាទិត្យនេះ បានរាយការណ៍ពីករណីសង្ស័យដំបូងបំផុតនៃការឆ្លង COVID-19 នៅក្នុងប្រទេសរបស់ខ្លួន ខណៈអាជ្ញាធរកំពុង បើកការស៊ើបអង្កេតមួយ និងរឹតបន្តឹងវិធានការរឹតត្បិតជាអតិបរមា។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២០។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងទៀតថា ករណីសង្ស័យពាក់ព័ន្ធនឹង COVID-19 ខាងលើ ត្រូវបានរកឃើញលើមនុស្សម្នាក់ដែលបានរស់នៅ និរទេសខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូងអស់រយៈពេល៣ឆ្នាំមកនេះ ហើយបានត្រឡប់មកកាន់កូរ៉េខាងជើងវិញនៅក្នុងខែកក្កដានេះ ដោយឆ្លងកាត់ព្រំដែន អន្តរកូរ៉េដោយខុសច្បាប់។
គួរបញ្ជាក់ថា បើតាម KCNA មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏បានបើកកិច្ចប្រជុំបន្ទាន់មួយផងដែរ កាលពីថ្ងៃសៅរ៍ម្សិលមិញ ដោយបានអនុម័ត លើវិធានការរឹតត្បិតជាអតិបរមាជាច្រើន ដើម្បីទប់ស្កាត់ការឆ្លង COVID-19។ បើសិនជាករណីសង្ស័យនេះត្រូវបានទទួលស្គាល់ជាផ្លូវការ នោះវានឹងក្លាយ ជាករណីឆ្លង COVID-19 ដំបូងគេបំផុតនៅក្នុងប្រទេសកូរ៉េខាងជើង ចាប់តាំងពីជំងឺដ៏កាចសាហាវនេះ ឆ្លងរាតត្បាតខ្លាំងកាលពីខែមករាមក៕