(ឡុងដ៍)៖ ចក្រភពអង់គ្លេស នឹងពង្រឹងសមត្ថភាពដោះស្រាយការគំរាមកំហែងពីសំណាក់រុស្ស៊ី និងចិន នៅក្នុងទីអវកាស ខណៈគោលនយោបាយការបរទេស, សន្តិសុខ និងការពារជាតិមួយថ្មីមួយ កំពុងស្ថិតនៅក្រោមការត្រួតពិនិត្យរបស់រដ្ឋាភិបាលទីក្រុងឡុងដ៍។ នេះបើតាមលោក Ben Wallace ដកស្រង់ចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២០។
រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Telegraph នៅថ្ងៃអាទិត្យនេះ និងបន្ទាប់ពី លោកផ្ទាល់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បាននិយាយថាអង់គ្លេស មានការព្រួយបារម្ភចំពោះការធ្វើតេស្ដផ្កាយរណបរបស់រុស្ស៊ី ដែលអាចមានជាប់ពាក់ព័ន្ធនឹងការ ធ្វើតេស្ដអាវុធ។
លោក Wallace បានគូសបញ្ជាក់នៅក្នុងបទសម្ភាសន៍នោះដូច្នេះថា៖ «នៅក្នុងសប្ដាហ៍នេះ យើងបានក្រើនរំលឹកពីការគំរាមកំហែងពីរុស្ស៊ី មកលើសន្តិសុខជាតិរបស់ យើង ជាមួយការបង្ករឿងតាមរយៈការធ្វើតេស្ដបាញ់បង្ហោះផ្កាយរណប ដែលអាចមានជាប់ពាក់ព័ន្ធនឹងការធ្វើតេស្ដអាវុធ»។ លោក Wallace បន្ថែមថាក្រៅពីរុស្ស៊ី ចិនក៏កំពុងបង្កការគំរាមកំហែងដូចគ្នាផងដែរ។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងអង់គ្លេស និងរុស្ស៊ី បានស្គាល់ភាពតានតឹងយ៉ាងខ្លាំង នារយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ដោយទីក្រុងឡុងដ៍ បានដាក់ទណ្ឌកម្មថ្មី មួយលើរុស្ស៊ី ដោយចោទថាទីក្រុងម៉ូស្គូ បានលូកលាន់ចូលកិច្ចការបោះឆ្នោតអង់គ្លេសកាលពីឆ្នាំ២០១៩ និងព្យាយាមលួចព័ត៌មានពាក់ព័ន្ធនឹងការផលិតវ៉ាក់សាំង COVID-19 ។ ចំណែកឯ ទំនាក់ទំនងរវាងចិន និងអង់គ្លេសវិញ ក៏កំពុងល្អក់កករនឹងគ្នាផងដែរ បន្ទាប់ពីអង់គ្លេសដាក់បម្រាមលើក្រុមហ៊ុន Huawei និងព្យួរសន្ធិសញ្ញា ធ្វើបត្យាប័នជាមួយទីក្រុងហុងកុង៕