(ព្យុងយ៉ាង)៖ អ្នកវិភាគមើលឃើញថា កូរ៉េខាងជើងទំនងអាចនឹងទម្លាក់កំហុស លើកូរ៉េខាងត្បូង ជុំវិញការផ្ទុះឡើងនៃករណីឆ្លង COVID-19 នៅក្នុងប្រទេសរបស់ខ្លួន ខណៈករណីសង្ស័យដំបូងបំផុតត្រូវបានរាយការណ៍ថា មានជាប់ពាក់ព័ន្ធនឹងជននិរទេសខ្លួននៅកូរ៉េខាងត្បូង ដែលបានត្រឡប់មកកាន់កូរ៉េខាងជើងវិញ កាលពីពេលថ្មីៗនេះ ដោយឆ្លងកាត់ ព្រំដែនអន្តរកូរ៉េដោយខុសច្បាប់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានផ្សាយឲ្យដឹងថា ក្រុងព្យុងយ៉ាង បានសម្រេចចាត់វិធានការបិទទីក្រុង Kaesong ស្ថិតនៅតំបន់ព្រំដែនជាប់កូរ៉េខាងត្បូង ក្រោម ហេតុផលថា ករណីសង្ស័យដំបូងបំផុតនៃការឆ្លង COVID-19 ដែលខ្លួនបានរកឃើញ គឺនៅលើជននិរទេសម្នាក់នៅប្រទេសកូរ៉េខាងត្បូងនោះ បានត្រឡប់មកកាន់កូរ៉េខាងជើងវិញ ដោយឆ្លងព្រំដែនខុសច្បាប់តាមទីក្រុងមួយនេះ។

ជុំវិញបញ្ហានេះដែរ ក្រុមអ្នកវិភាគមើលឃើញថា តាមពិតកូរ៉េខាងជើង មានករណីផ្ទុះវីរុសនេះ តាំងពីមុននេះរួចស្រេចទៅហើយ ក៏ប៉ុន្តែទីក្រុងព្យុងយ៉ាងបានសំឡឹងមើលឱកាសនេះ ដើម្បីស្តីបន្ទោសកូរ៉េខាងត្បូង ជាជាងសម្ព័ន្ធមិត្តរបស់ខ្លួន គឺចិន។ លោកស្រី រ៉ាឆែល លី (Rachel Lee) ដែលជាអតីតអ្នកវិភាគរបស់រដ្ឋាភិបាលអាមេរិក ពាក់ព័ន្ធនឹងកូរ៉េខាងជើង បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «កូរ៉េខាងជើងអាចព្យាយាមប្រើបញ្ហានៃការវិលត្រឡប់របស់អ្នកនយោបាយរត់ចោលជួររបស់ខ្លួន ដើម្បីស្តីបន្ទោសកូរ៉េខាងត្បូង ចំពោះករណីឆ្លង COVID-19 ដែលបានស្រាប់មកហើយ ឬចំពោះការបរាជ័យណាមួយ នាពេលអនាគត នៃចំណាត់ការធ្វើចត្តាឡីស័ករបស់ខ្លួន»

គួរជម្រាប តាំងពីដើមទេមកម្លេះ កូរ៉េខាងជើងបានបដិសេធជារឿយៗថា ខ្លួនគ្មានករណីឆ្លង COVID-19 ទេ សូម្បីតែមួយករណី ហើយថែមទាំងបានប្រកាសពីភាពជោគជ័យ របស់ខ្លួនក្នុងការគ្រប់គ្រងស្ថានការណ៍បានទៀតផង។ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានរាយការណ៍ពីករណីសង្ស័យដំបូងបំផុតនៃការឆ្លង COVID-19 នៅក្នុងប្រទេសរបស់ខ្លួន តែប្រទេសឯកោមួយនេះនៅមិនទាន់ទទួលស្គាល់ជាផ្លូវការថា វាជាករណីឆ្លងដំបូង ឬក៏យ៉ាងណានោះទេ៕