(តេហេរ៉ង់)៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានដឹកនាំសមយុទ្ធយោធាមួយ នៅឯច្រកសមុទ្រ ហ័រមឹស (Hormuz) ជាការកំញើញសាច់ដុំ និងផ្ញើសារព្រមានសហរដ្ឋអាមេរិក ឱ្យគិតឱ្យបានច្បាស់ជាមុនសិន មុននឹងចង់បង្ករឿង ឬធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់ តាមរយៈការបាញ់មីស៊ីលកម្ទេច នាវាផ្ទុកយន្ដហោះចម្បាំងក្លែងក្លាយមួយគ្រឿង របស់សហរដ្ឋអាមេរិក ដើម្បីជាការហាត់សមទឹកដៃផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០។
បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ សមយុទ្ធយោធានៅឯច្រកសមុទ្រ Hormuz គឺបង្ហាញថា កងកម្លាំងទ័ពអាកាស និងជើងទឹកនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានត្រៀមខ្លួនជាស្រេច ដើម្បីប្រឈមមុខនឹងការវាយប្រហារ ឬសង្រ្គាម ដែលអាចផ្ទុះឡើងជាយថាហេតុណាមួយ នៅតំបន់ឆ្នេរភាគនិរតីរបស់ខ្លួន។ ម្យ៉ាងវិញទៀត នៅក្នុងសមយុទ្ធយោធានេះ កងកម្លាំងទ័ពអាកាសអ៉ីរ៉ង់ ក៏បានបាញ់មីស៊ីលមួយគ្រាប់ចេញពីឧទ្ធម្ភាគចក្រ សំដៅកម្ទេចនាវាផ្ទុកយន្ដហោះចម្បាំងក្លែងក្លាយ មួយគ្រឿងរបស់សហរដ្ឋអាមេរិក ដែលខ្លួនបង្កើតឡើងធ្វើជាគោលដៅ បាញ់កម្ទេចជាការហាត់សមទឹកដៃ។
គួរជម្រាបថា កងនាវាអាមេរិក បានថ្កោលទោសយ៉ាងខ្លាំង លើការធ្វើសមយុទ្ធយោធារបស់អ៉ីរ៉ង់ ដោយចាត់ទុកថាវាទង្វើគ្មានទំនួលខុសត្រូវ និងបង្ករឿង ដែលមានគោលដៅគំរាមកំហែង និងបំភិតបំភ័យអ្នកដទៃ។
ការធ្វើសមយុទ្ធយោធាខាងលើ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ រាយការណ៍នៅថ្ងៃអង្គារសប្ដាហ៍នេះ ហើយវាកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងតេហេរ៉ង់ចោទថា យន្ដហោះចម្បាំងអាមេរិកបានហោះ តាមយ៉ាងប្រកិតយន្ដហោះស៊ីវិលដឹកអ្នកដំណើរអ៉ីរ៉ង់ មួយគ្រឿងនៅលើដែនអាកាស ប្រទេសស៊ីរី។ អ៉ីរ៉ង់បានអះអាងថា ហេតុការណ៍នេះបានបង្កឱ្យអ្នកដំណើរបួននាក់រងរបួស រីឯពីឡុតត្រូវបង្ខំចិត្តចុះចតជាបន្ទាន់៕