(គូឡាឡាំពួរ)៖ ប្រទេសម៉ាឡេស៊ីបានរកឃើញ ករណីដំបូងនៃជំងឺ COVID-19 នៅថ្ងៃទី២៤ ខែមករា នៅលើជនជាតិចិនចំនួន ០៣នាក់។ រលកទី ១ ដែលបានកើតឡើងនៅចន្លោះថ្ងៃទី២៤ ខែមករា រហូតដល់ថ្ងៃទី១៥ ខែកម្ភៈ មានចំនួនករណីឆ្លងសរុប ២២នាក់ ដោយក្នុងនោះ ១២នាក់ គឺមានប្រវត្តិធ្វើដំណើរទៅបរទេស។ ក្រោយមកប្រទេសនេះបានធូរស្បើយឡើងវិញ នៅពេលដែលគ្មានករណីឆ្លងថ្មីៗត្រូវបានរាយការណ៍ ក្នុងរយៈពេល ១១ថ្ងៃជាប់ៗគ្នា។ ទោះយ៉ាងណាអ្វីៗបានប្រែទៅជាអាក្រក់ទៅៗ ដែលជំរុញឲ្យរដ្ឋាភិបាល ប្រកាសដាក់ចេញវិធានការរឹតត្បិត លើការធ្វើដំណើរដែលហៅកាត់ថា MCO នៅទូទាំងប្រទេសកាលពីថ្ងៃទី១៨ ខែមីនា។ ខាងក្រោមនេះ គឺជាអ្វីដែលយើងគួរដឹង អំពីចង្កោមចម្លង COVID-19 ធំៗបំផុតចំនួនបី ដែលបានផ្ទុះឡើងនៅប្រទេសម៉ាឡេស៊ី រហូតមកទល់ពេលនេះ៖
១៖ ចង្កោមចម្លង តាប្លីក (Tabligh)
នៅចន្លោះថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី ០១ខែមីនា ឆ្នាំ២០២០ មនុស្សជាង ១៦,០០០នាក់បានប្រមូលផ្តុំគ្នានៅក្នុង ពិធីជួបជុំលក្ខណៈសាសនាមួយរបស់ក្រុម Tabligh ដែលបានប្រព្រឹត្តទៅនៅព្រះវិហារអ៉ីស្លាមមួយកន្លែង ស្ថិតក្នុងតំបន់ ស្រ៊ីផេថាលីង (Sri Petaling) នៃទីក្រុងគូឡាំឡាំពួរ។ ក្នុងចំណោមអ្នកចូលរួមទាំងអស់ មានជនបរទេសចំនួន ១,៥០០នាក់។ ការប្រមូលផ្តុំនេះ នៅទីបំផុតបាននាំឲ្យមានករណីឆ្លងជាងរលកធំទីពីរ និងបានបង្កគ្រោះថ្នាក់ដល់ជីវិត ដោយសារ COVID-19 ជាលើកដំបូងនៅក្នុងប្រទេស។
ករណីដំបូង ដែលមានជាប់ទាក់ទងនឹងចង្កោមខាងលើ ត្រូវបានគេរកឃើញនៅថ្ងៃទី១១ ខែមីនា។ ចំណែកឯជនជាតិម៉ាឡេស៊ីដំបូងគេ ដែលត្រូវបានគេធ្វើតេស្តឃើញវិជ្ជមាន គឺជាបុរសអាយុ ៦០ឆ្នាំមកពីផាហាង (Pahang) នៅថ្ងៃទី១២ ខែមីនា។ បន្ទាប់មកនៅថ្ងៃទី ១៧ ខែមីនា ក្រសួងបានប្រកាសពីការរកឃើញករណីស្លាប់ដំបូង ទាក់ទងនឹងការជួបជុំទៅលើបុរសម៉ាឡេស៊ីវ័យ ៣៤ឆ្នាំម្នាក់មកពី ចូហរបារុ (Johor Bahru)។
បន្ទាប់ពីបានកត់ត្រាករណីថ្មីៗបន្ថែមចំនួន ១៩០ករណី នៅថ្ងៃទី ១៥ ខែមីនា លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មូយីដទីន យ៉ាស់ស៊ីន (Muhyiddin Yassin) បានប្រកាសពីដំណាក់កាលដំបូងនៃវិធានការ MCO ចាប់ពីថ្ងៃទី១៨ ខែមីនា ដល់ថ្ងៃទី៣១ ខែមីនា។ នៅពេលដែលស្ថានភាពមិនបានធូរស្បើយ ភ្លាមៗនោះលោក Muhyiddin បានប្រកាសពី MCO ចំនួន ០៤ដំណាក់កាល ទៀតបន្ថែមទៀត ។ នៅត្រឹមថ្ងៃទី ០៤ ខែឧសភា វិស័យអាជីវកម្មមួយចំនួន ត្រូវបានអនុញ្ញាតឲ្យចាប់ផ្តើមប្រតិបត្តិការឡើងវិញ។
ទីបំផុតនៅថ្ងៃទី ០៨ ខែកក្កដា បន្ទាប់ពីមានមនុស្សចំនួន ៣,៣៧៥នាក់ បានធ្វើតេស្តិ៍វិជ្ជមាន និងស្លាប់ចំនួន ៣៤នាក់ ចង្កោមចម្លងវីរុសដ៏ធំបំផុត នៅប្រទេសម៉ាឡេស៊ីត្រូវគ្រប់គ្រងបាន ដោយមិនមានករណីឆ្លងថ្មីៗ ក្នុងរយៈពេលជាង ២៨ថ្ងៃជាប់ៗគ្នា។
២៖ ចង្កោមចម្លង តាហ៍ហ្វីស (Tahfiz)
ខណៈពេលដែលចង្កោម Tabligh ត្រូវបានបិទបញ្ជប់ ចង្កោមថ្មីមួយទៀតត្រូវបានរកឃើញ នៅក្នុងសាលាទន្ទេញគម្ពីគួរអានមួយ នៅឯសង្កាត់ ហ៊ូលូឡាំងហ្គាត (Hulu Langat)។ ចង្កោម Tahfiz បានចាប់ផ្តើមដំបូងនៅថ្ងៃទី២៩ ខែមីនា បន្ទាប់ពីមនុស្ស ៧១នាក់ មកពីសាលា ម៉ាអាហេដ តាហ៍ហ្វីស អាន់ណាប៉ាវីយ៉ាហ៍ (Maahad Tahfiz AnNabawiyyah) ត្រូវបានគេធ្វើតេស្តឃើញវិជ្ជមានចំពោះ COVID-19។ ប្រការនេះបាននាំឲ្យរដ្ឋាភិបាល ប្រកាសពង្រឹងវិធានការ MCO ដ៏តឹងរ៉ឹង នៅក្នុងតំបន់ជាច្រើនជុំវិញសង្កាត់ Hulu Langat ដែលនៅពេលនោះ សូម្បីតែដើរចេញក្រៅផ្ទះ ដើម្បីទិញម្ហូបអារហារក៏មិនអនុញ្ញាតឲ្យដែរ។
រហូមកទលល់ពេលនេះ សាលា Tahfiz ចំនួន ៤៥៣កន្លែង ត្រូវបានគេធ្វើតេស្តរក COVID-19 ខណៈពេលដែលមានគ្រូ និងសិស្សចំនួន ៧៣៣នាក់ចេញលទ្ធផលវិជ្ជមាន។
៣៖ ចង្កោមចម្លងនៅតាមព្រំដែន (Immigration Depot)
បន្ទាប់ពីបញ្ហាឆ្លងព្រំដែនខុសច្បាប់បានកើនឡើងយ៉ាងគំហុក ចាប់តាំងពីដើមខែឧសភាមក ប្រទេសម៉ាឡេស៊ីបានប្រកាសពីការរកឃើញ ករណីឆ្លង COVID-19 ជាច្រើននៅឲ្យច្រកអន្តោប្រវេសន៍ ប៊ូឃីត ហាលីល (Bukit Jalil)។ ក្នុងជុំទី ១ មានជនអន្តោប្រវេសន៍ខុសច្បាប់ជាង ៦០០នាក់ត្រូវបានពិនិត្យ និងធ្វើតេស្ត ដោយក្នុងនោះមាន ៣៥នាក់ បានតេស្តឃើញ «វិជ្ជមាន»។ មិនយូរប៉ុន្មាននៅថ្ងៃទី០៤ ខែមិថុនា មានមនុស្សរហូតដល់ ២៧០នាក់បន្ថែមទៀត ត្រូវបានគេរាយការណ៍ថា មានផ្ទុកជំងឺដ៏កាចសាហាវមួយនេះ។
រហូតមកពេលនេះ មនុស្សចំនួន ៦៤៩នាក់ត្រូវបានគេតេស្តឃើញវិជ្ជមាន ក្នុងចំណោមអ្នកតេស្តសរុប ១,៦៦១នាក់ ដែលមានជាប់ពាក់ព័ន្ធនឹងចង្កោមអន្តោប្រវេសន៍ Bukit Jalil ខាងលើ។ ប៉ុន្តែទោះជាយ៉ាងណា មិនមានករណីស្លាប់ត្រូវបានរាយការណ៍ នៅក្នុងចំណោមពួកគេទេ។
គួរជម្រាបថា ស្ថានការណ៍ COVID-19 នៅប្រទេសម៉ាឡេស៊ី នាមួយរយៈពេលចុងក្រោយនេះ ហាក់មានសភាពធូរស្រាលឡើងវិញហើយ ខណៈករណីឆ្លងសរុបនៅទូទាំងប្រទេសមានចំនួនជាង ៨,៩០០ករណី ក្នុងនោះស្លាប់ ១២៤នាក់ និងជាសះស្បើយជាង ៨,០០០នាក់៕
ប្រភព៖ CNA (ថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០)