(វ៉ាស៊ីនតោន)៖ រដ្ឋចំនួន ០៥ នៅសហរដ្ឋអាមេរិកបានរាយការណ៍ពីចំនួនអ្នកស្លាប់ថ្មីៗ ដោយសារជំងឺ COVID-19 ច្រើនបំផុតមិនធ្លាប់មាននៅថ្ងៃអង្គារសប្តាហ៍នេះ ខណៈដែលមន្ត្រីសុខាភិបាល ប្រចាំរដ្ឋកាលីហ្វ័រញ៉ាបានថ្លែងថា ក្នុងចំណោមករណីឆ្លងសរុបនៅក្នុងរដ្ឋនេះ ជនជាតិឡាទីន (Latinos) មានអត្រាឆ្លងច្រើនជាងគេបំផុត។ នេះបើតាមការចេញផ្សាយ សារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០។
រដ្ឋអាកាន់សាស់ (Arkansas), ម៉ុនថាណា (Montana) និង អូរ៉េហ្គន (Oregon) បានកត់ត្រាពីចំនួនមនុស្សស្លាប់កើនឡើងច្រើន ខណៈដែលចំនួនអ្នកស្លាប់នៅឯរដ្ឋកាលីហ្វ័រញ៉ា បានកើនឡើងរហូតដល់ ១៧១នាក់ ចំណែកឯនៅរដ្ឋផ្លរីដា (Florida) បានរាយការណ៍ពីចំនួនអ្នកស្លាប់ថ្មីៗ រហូតដល់ ១៩១នាក់ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
អាជ្ញាធររដ្ឋតិចសាស់បានប្រកាសថា ខ្លួនបានរកឃើញករណីឆ្លងថ្មីៗច្រើនជាង ៦,០០០ករណី កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដែលធ្វើឲ្យចំនួនករណីឆ្លងសរុប នៅទូទាំងរដ្ឋកើនដល់ ៤០១,៤៧៧ករណី ចំណែកឯរដ្ឋចំនួន ០៣ ផ្សេងទៀតមានករណីឆ្លងសរុបច្រើនជាង ៤០០,០០០ករណីដូចគ្នាៗរួមមានដូចជា រដ្ឋកាលីហ្វ័រញ៉ា ញូយ៉ក និងផ្លរីដា។
មន្ត្រីសុខាភិបាលប្រចាំរដ្ឋកាលីហ្វ័រញ៉ាបានឲ្យដឹងថា ជនជាតិឡាទីនជាក្រុមដែលមានអត្រាឆ្លងខ្ពស់ជាងគេបំផុតប្រហែលជា ៥៦% នៃការឆ្លងនៅក្នុងរដ្ឋ និង ៤៦% នៃចំនួនអ្នកស្លាប់។ ជារួមនៅទូទាំងសហរដ្ឋអាមេរិកមានមនុស្សច្រើនជាង ១,២០០នាក់ បានស្លាប់គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ ដែលជាចំនួនខ្ពស់បំផុតប្រចាំថ្ងៃ គិតចាប់តាំងពីខែឧសភាមក។ សហរដ្ឋអាមេរិកបច្ចុប្បន្ន មានករណីឆ្លង COVID-19 សរុបជិត ៤.៥លានករណី ក្នុងនោះស្លាប់ជាង ១៥.២ម៉ឺននាក់ និងជាសះស្បើយវិញជាង ២.១៨លាននាក់៕