(បាងកក)៖ ក្រសួងទេសចរណ៍ថៃ បានឱ្យដឹងថា មិនមានភ្ញៀវទេសចរបរទេស មកកម្សាន្តប្រទេសរបស់ខ្លួន និងមិនមានការចំណាយពីភ្ញៀវទេសចរណាម្នាក់ឡើយ ក្នុងរយៈពេល បីខែជាប់ៗគ្នាមកនេះ គិតត្រឹមខែមិថុនាកន្លងទៅ ដោយសារតែការបិទព្រំដែនប្រឆាំងនឹងការឆ្លងរាតត្បាត COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០
នៅក្នុងរបាយការណ៍របស់ខ្លួន ក្រសួងទេសចរណ៍ថៃ បានបញ្ជាក់ទៀតថា ចំនួនភ្ញៀវទេសចរបានធ្លាក់ចុះរហូតដល់ ៦៦ភាគរយ បើគិតចាប់ពីខែមករា ដល់ខែមិថុនា។ ម្យ៉ាងវិញទៀត បើគិតចាប់ពីខែមករា ដល់ខែមិថុនាដដែល ការចំណាយរបស់ភ្ញៀវទេសចរបរទេសមានចំនួន ៣៣២ពាន់លានបាត ឬស្មើនឹង ១០.៥៤ពាន់លានដុល្លារ ពោលគឺធ្លាក់ចុះ៦៥ភាគរយ បើប្រៀបធៀបទៅនឹងកាលពីឆ្នាំមុន។
ប្រទេសថៃ ដែលពឹងផ្អែកលើវិស័យទេសចរណ៍ និងមានភ្ញៀវទេសចរមកកម្សាន្តរហូតដល់ ៣៩,៨លាននាក់ កាលពីឆ្នាំមុន បានដាក់បម្រាមហាមឃាត់ទៅលើជើងហោះហើរ មិនឲ្យមានអ្នកដំណើរចូលក្នុងប្រទេសរបស់ខ្លួន កាលពីខែមេសាកន្លងទៅ ជាពេលដែលគ្មានភ្ញៀវទេសចរចូលមកទស្សនាសូម្បីតែម្នាក់ ជាលើកដំបូងបំផុត។ ប៉ុន្តែ ពេញមួយ ខែមិថុនា ថៃមានភ្ញៀវទេសចរបរទេសចំនួន ៣.០៥លាននាក់ ហើយពួកគេបានចំណាយថវិកាប្រមាណ ១៣១ពាន់លានបាត។
គួរជម្រាបថា ថៃនឹងពន្យារពេលដាក់ប្រទេសក្នុងគ្រាមានអាសន្ន រហូតដល់ចុងខែសីហា ដើម្បីគ្រប់គ្រងការផ្ទុះឡើងវិញនៃ COVID-19 បើទោះបីជាស្ថានការណ៍កំពុងស្ថិតនៅក្រោម ការគ្រប់គ្រងក៏ដោយ៕