(ប៉េកាំង)៖ ការិយាល័យ នៃក្រុមប្រឹក្សារដ្ឋចិន ទទួលបន្ទុកកិច្ចការកោះតៃវ៉ាន់ បានលើកឡើងថា ដំណើរចង់បានឯករាជ្យភាពនៃកោះតៃវ៉ាន់ គឺជាដំណើរទៅរកផ្លូវទាល់មួយប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០។
លោកស្រី ជូ ហ្វឹងលៀន (Zhu Fenglian) អ្នកនាំពាក្យការិយាល័យទទួលបន្ទុក កិច្ចការកោះតៃវ៉ាន់ ចំណុះឲ្យក្រុមប្រឹក្សារដ្ឋចិន បានលើកឡើងយ៉ាងដូច្នេះថា «និន្នាការប្រវត្តិសាស្រ្តនៃការបង្រួបបង្រួម និងការកសាងជាតិឡើងវិញរបស់ចិន មិនអាចត្រូវបានបញ្ឈប់ដោយនរណាម្នាក់ ឬក៏កម្លាំងណាមួយឡើយ»។ ចិនធ្លាប់បានព្រមានជាច្រើនលើករួចមកហើយថា ការប្រកាសឯករាជ្យនៃកោះតៃវ៉ាន់ ក៏មិនខុសអ្វីទៅនឹងការប្រកាសសង្គ្រាមនោះដែរ។
គួរបញ្ជាក់ថា ការលើកឡើងរបស់ចិនខាងលើនេះ ធ្វើឡើងបន្ទាប់ពីអតីតមេដឹកនាំកោះតៃវ៉ាន់ លោក លី តេងហ៊ុយ (Lee Teng-hui) បានទទួលមរណៈភាព កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះនៅអាយុ ៩៣ឆ្នាំ។ លោក Lee ធ្លាប់ជាប្រធាននៃគណបក្សគូមីនតាង (Kuomintang) និងបានកាន់តំណែងជាប្រធានាធិបតីកោះតៃវ៉ាន់ ចាប់ពីឆ្នាំ១៩៨៨ ដល់ឆ្នាំ២០០០៕