(ហាណូយ)៖ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ អាជ្ញាធរសុខាភិបាលវៀតណាម បានបញ្ជាក់ពីការរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ៤៥នាក់ទៀត ដែលភាគច្រើនកើតឡើងនៅទីក្រុងដាណាង (Da Nang) ភាគកណ្តាលនៃប្រទេស ហើយនេះជាករណីឆ្លងខ្ពស់បំផុតប្រចាំថ្ងៃ គិតចាប់តាំងពីការផ្ទុះឡើងដំបូង កាលពីចុងខែមករាកន្លងមក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។
មន្ត្រីសុខាភិបាលបានឲ្យដឹងថា គិតចាប់តាំងពីការផ្ទុះឡើងវិញ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ករណីឆ្លងថ្មីបានកើនឡើងដល់ ៩៣ករណី ហើយបច្ចុប្បន្ននេះ ប្រទេសវៀតណាមមានករណីឆ្លង COVID-19 សរុបចំនួន៥០៩ករណី។ ទោះជាបែបនេះក្តី មិនទាន់មានមនុស្សណាម្នាក់ ស្លាប់ដោយសារវីរុសកូរ៉ូណាថ្មីនេះទេ នៅក្នុងប្រទេសអាស៊ានមួយនេះ។
រដ្ឋធានីហាណូយ បានធ្វើតេស្តលើមនុស្សចំនួន ២១,០៦៣នាក់ ដែលទើបតែវិលត្រឡប់មកពីទីក្រុងដាណាងវិញ។ ចំណែកឯទីក្រុងហូជីមិញ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានសម្រេចបិទកន្លែងកម្សាន្ត និងហាមឃាត់ការជួបជុំនៅតាមទីប្រជុំជន បន្ទាប់ពីបានរកឃើញករណីឆ្លង COVID-19 ចំនួន០២ករណី ក្នុងចំណោមមនុស្ស១៨,០០០នាក់ ដែលធ្លាប់បានធ្វើដំណើរទៅទីក្រុងដាណាង។
គួរបញ្ជាក់ថា អាជ្ញាធរវៀតណាមបានផ្ញើសារជាអក្សរ ទៅគ្រប់ទូរស័ព្ទរបស់ប្រជាជន ៩៥លាននាក់នៅទូទាំងប្រទេស នឹងបានជម្រុញឲ្យអ្នកដែលធ្លាប់ធ្វើដំណើរទៅ ទីក្រុងដាណាង ត្រូវរាយការណ៍ទៅកាន់អាជ្ញាធរជាបន្ទាន់ ខណៈដែលរលកថ្មីនៃការចម្លងនេះ បានរីករាលដាលដល់ទីក្រុង និងខេត្តចំនួន០៦ របស់ប្រទេសវៀតណាមក្នុងរយៈពេល០៦ថ្ងៃប៉ុណ្ណោះ៕