(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា លោកមិនចង់ឲ្យមានការ លើកថ្ងៃបោះឆ្នោតដែលគ្រោងធ្វើឡើងនៅក្នុងខែវិច្ឆិកាខាងមុខនេះឡើយ បើទោះបីជាមានការបំផុសអំពីរឿងនេះ នៅលើបណ្តាញសង្គម Twitter ក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០។
លោក ដូណាល់ ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «តើខ្ញុំចង់ឃើញការផ្លាស់ប្តូរថ្ងៃ (បោះឆ្នោត) ឬ? អត់ទេ! ខ្ញុំមិនចង់ឃើញឡើយ... ខ្ញុំមិនចង់ពន្យារពេលនោះទេ... ខ្ញុំចង់ឲ្យមានការបោះឆ្នោត (ទៅតាមកាលកំណត់)»។ ទោះជាបែបនេះក្តី លោក ដូណាល់ ត្រាំ នៅតែបង្ហាញការមិនពេញចិត្តដដែល ចំពោះការបោះឆ្នោត តាមប្រអប់សំបុត្រប្រៃសនីយ៍ (mail-in voting) ដែលលោកចាត់ទុកថា «ជាការបោះឆ្នោតដ៏មិនសមរម្យ ឬគ្មានតម្លាភាព ព្រោះវាងាយនឹងមានការក្លែងបន្លំ»។
គួរបញ្ជាក់ថា ការលើកឡើង និងបំផុសឲ្យមានការពន្យារពេល បោះឆ្នោតប្រធានាធិបតីអាណត្តិថ្មី ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ បានកើតមានឡើងបន្ទាប់ពីអត្រាឆ្លង និងស្លាប់ដោយសារតែជំងឺ COVID-19 បាននិងកំពុងកើនឡើងវិញយ៉ាងគំហុក ខណៈក្រុមអ្នកជំនាញបានចាត់ទុកថា វាជាការផ្ទុះរលកទី ២។
លោក ដូណាល់ ត្រាំ ក៏បានសួរជាសំនួរមួយដែរថា តើត្រូវពន្យារការបោះឆ្នោត រហូតដល់ប្រជាជនអាចទៅបោះឆ្នោត បានដោយត្រឹមត្រូវ និងមានសុវត្ថិភាពបំផុតឬ? ប្រធានាធិបតីអាមេរិករូបនេះ ក៏បានចាត់ទុកផងដែរថា ការពន្យារពេលណាមួយ នោះនឹងក្លាយជារឿង អាម៉ាស់បំផុតនៅក្នុងប្រវត្តិសាស្ត្រ នៃប្រទេសមហាអំណាចមួយនេះ៕