(ម៉ាឌ្រីត)៖ អេស្ប៉ាញនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រកាសពីអត្រាឆ្លង ប្រចាំថ្ងៃដែលកម្ពស់បំផុត គិតចាប់តាំងពីវិធានការបិទប្រទេស ដើម្បីទប់ស្កាត់ COVID-19 បានបញ្ចប់ទៅ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០។
ទិន្នន័យពីក្រសួងសុខាភិបាលអេស៉្បាញបានបង្ហាញថា ករណីឆ្លងថ្មីៗនៃ COVID-19 ចំនួន ១,២២៩នាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញ បន្ថែមទៀតក្នុងរយៈពេល២៤ម៉ោង។ កាលពីថ្ងៃពុធសប្តាហ៍នេះ ចំនួនករណីឆ្លងប្រចាំថ្ងៃនៅអេស៉្បាញ ក៏លើសពី១,០០០នាក់បែបនេះដែរ។ ការលោតឡើងសាជាថ្មីនៃចំនួនករណីឆ្លង បានបង្ខំឲ្យតំបន់មួយចំនួនដាក់ការរឹតត្បិតឡើងវិញនៅការធ្វើដំណើរ ហើយចក្រភពអង់គ្លេស ក៏បានសម្រេចតម្រូវឲ្យអ្នកដំណើរចេញទៅពីអេស៉្បាញ ត្រូវធ្វើចត្តាឡីស័កផងដែរ។
ទោះបែបនេះក្តី អ្នកជំនាញជាន់ខ្ពស់ខាង COVID-19 របស់រដ្ឋាភិបាលអេស៉្បាញ គឺលោក ហ្វែណាន់ដូ សាយម៉ុន (Fernando Simon) បានបដិសេធថា អេស្ប៉ាញមិនមែនកំពុងស្ថិតក្រោមរលកទីពីរ នៃការឆ្លងរាតត្បាតកូវីតឡើយ។ លោកបានបកស្រាយ ក្នុងសន្និសីទសារពត៌មានមួយថា រលកទីពីរនៃ Covid-19 កើងឡើងនៅពេលដែលយើងមិនអាចគ្រប់គ្រងស្ថានការណ៍បាន និងបណ្តាលឲ្យមានការរីករាលដាលខ្លាំងជាសហគមន៍។
ស្របពេលដែល នៅតំបន់មួយចំនួននៃប្រទេសអេស្ប៉ាញដូចជា តំបន់ កាតាឡូនៀ (Catalonia) និង អារ៉ាហ្គន (Aragon) ដែលស្ថិតនៅប៉ែកឦសាន មានការឆ្លងនៅតាមសហគមន៍ខ្លះក្តី លោក Simon បាននិយាយថា តំបន់ភាគច្រើនរបស់អេស៉្បាញ បានគ្រប់គ្រងស្ថានការណ៍យ៉ាងល្អ។ លោក Simon ក៏បានសង្កត់ធ្ងន់ថា ចំនួនអ្នកស្លាប់ដោយសារ Covid-19 បានថយចុះយ៉ាងច្រើន បើប្រៀបធៀបទៅនឹងកំឡុងដើមខែមេសា ដែលជាពេល ចំនួន អ្នកស្លាប់ប្រចាំថ្ងៃឈានដល់ ១,០០០នាក់។
គួរបញ្ជាក់ គិតត្រឹមពេលនេះ ប្រទេសអេស្ប៉ាញមានករណីឆ្លងសរុបចំនួន ៣៣២,៥១០ករណី ក្នុងនោះ ២៨,៤៤៣នាក់បានស្លាប់ រីឯចំនួនអ្នកជាសះស្បើយ មិនត្រូវបានគេដឹងច្បាស់លាស់ឡើយ៕