(រីយ៉ូ)៖ ប្រធានាធិបតីប្រេស៊ីលលោក ហ្សែរ បូលសូណារ៉ូ (Jair Bolsonaro) បាននិយាយថា មនុស្សគ្រប់គ្នាប្រហែលជាអាចឆ្លង COVID-19 និងជំរុញឱ្យប្រជាជនប្រេស៊ីលទាំងអស់ ត្រៀមខ្លួនប្រឈមមុខ ដោយលោកបានសង្កត់ធ្ងន់ថា «វាគ្មានអ្វីគួរឱ្យខ្លាចនោះទេ»។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២០។
លោក Jair Bolsonaro ធ្វើការកត់សម្គាល់បែបនេះ កំឡុងបំពេញទស្សនកិច្ចទៅកាន់រដ្ឋ រីយ៉ូ ហ្គ្រែន ឌូ សាល់ (Rio Grande do Sul) នៅថ្ងៃសុក្រសប្ដាហ៍នេះ និងបន្ទាប់ពីលោកផ្ទាល់ទើបតែជាសះស្បើយពី COVID-19។ លោក Bolsonaro បានគូសបញ្ជាក់នាឱកាសនោះថា «ខ្ញុំធ្លាប់នៅក្នុងចំណោមក្រុមមនុស្ស ដែលប្រឈមមុខនឹងហានិភ័យខ្ពស់។ ខ្ញុំដឹងថា ខ្ញុំនឹងឆ្លងជំងឺនេះនៅថ្ងៃណាមួយ ហើយខ្ញុំក៏គិតដែរថា អ្នករាល់គ្នាក៏អាចនឹងឆ្លងផងដែរ។ ប៉ុន្តែខ្ញុំចង់សួរថា តើអ្នកគ្រប់គ្នាខ្លាចអ្វីឱ្យប្រាកដ? ប្រឈមមុខនឹងវាទៅ។ វាគ្មានអ្វីគួរឱ្យខា្លចនោះទេ»។
គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers បច្ចុប្បន្ន ប្រេស៊ីលមានករណីឆ្លង COVID-19 ជាង ២.៦លាននាក់ ក្នុងនោះស្លាប់ជាង ៩២,៥០០នាក់ និងជាសះស្បើយឡើងវិញជាង ១.៨លាននាក់៕