(វ៉ាស៊ីនតោន)៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក លោក អាន់ថូនី ហ្វាស៊ី (Anthony Fauci) បានបង្ហាញពីក្ដីកង្វល់ ជុំវិញសុវត្ថិភាពនៃវ៉ាក់សាំង COVID-19 កំពុងស្ថិតនៅក្រោមការអភិវឌ្ឍ ដោយប្រទេសចិន និងរុស្ស៊ី ដែលសុទ្ធសឹងតែធ្លាប់អះអាងថា វ៉ាក់សាំងរបស់ពួកគេនឹងរួចរាល់ ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២០។
មកទល់នឹងពេលនេះ ក្រុមហ៊ុនចិនមួយចំនួនត្រូវបានគេមើលឃើញថា កំពុងនាំមុខគេក្នុងការស្រាវជ្រាវ និងប្រកួតប្រជែងអភិវឌ្ឍវ៉ាក់សាំង COVID-19 ខណៈរុស្ស៊ីបង្ហើបថា ខ្លួនរំពឹងផលិតបានវ៉ាក់សាំងដំបូងគេនៅលើពិភពលោក នៅខែកញ្ញាខាងមុខនេះ។ ក៏ប៉ុន្តែទោះជាផលិតបានជោគជ័យក៏ដោយ ក៏វ៉ាក់សាំងរបស់ប្រទេសទាំងពីរនេះនឹងត្រូវប្រឈមមុខ ការត្រួតពិនិត្យអំពីសុវត្ថិភាពពីក្រុមជំនាញអន្តរជាតិ (WHO) ក៏ដូចជាឧបសគ្គនានា នៅតាមបណ្ដាប្រទេសលោកខាងលិច។
ជុំវិញបញ្ហានេះដែរ នៅពេលត្រូវបានសមាជិកសភាសាកសួរថា តើសហរដ្ឋអាមេរិកអាចនឹងប្រើប្រាស់វ៉ាក់សាំងចិន ឬរុស្ស៊ីដែរឬទេ ប្រសិនបើប្រទេសទាំងពីរនេះ ផលិតបានវ៉ាក់សាំងពិតមែន? លោក Fauci បានបញ្ជាក់ថា រឿងបែបនេះនឹងមិនអាចកើតឡើងឡើយ។ លោក ឮ Fauci បានលើកឡើងដូច្នេះថា «ខ្ញុំសង្ឃឹមថា ប្រទេសរុស្ស៊ី និងចិន ពិតជាកំពុងធ្វើតេស្ដវ៉ាក់សាំង មុននឹងពួកគេផ្ដល់វ៉ាក់សាំងឱ្យអ្នកគ្រប់គ្នា... ដ្បិតវ៉ាក់សាំងដែលមិនបានធ្វើតេស្ដមុននឹងដាក់ឱ្យប្រើ គឺជាបញ្ហាមួយដ៏ធំ»។
គួរបញ្ជាក់ថា បើតាមលោក Anthony Fauci សហរដ្ឋអាមេរិក កំពុងជឿនលឿនទៅមុខយ៉ាងឆាប់រហ័ស ក្នុងការធ្វើតេស្ដវ៉ាក់សាំង ដោយលោកមិនជឿឡើយថា ប្រទេសដទៃអាចនឹងផលិតវ៉ាក់សាំង បានមុនសហរដ្ឋអាមេរិក ហើយលោកក៏សង្ឃឹមដែរថា ប្រទេសដទៃនឹងប្រើប្រាស់វ៉ាក់សាំងអាមេរិក។ គិតត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ សហរដ្ឋអាមេរិកមានករណីឆ្លង COVID-19 សរុប ៤.៧លានករណី ក្នុងនោះស្លាប់ ១៥៦,៧៤៧នាក់ និងជាសះស្បើយ ២.៣លាននាក់៕