(តូក្យូ)៖ អាជ្ញាធរសុខាភិបាលជប៉ុន នៅថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញ COVID-19 ៤៧២ករណីថ្មី នៅក្នុងទីក្រុងតូក្យូ នារយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NHK។
បើតាមសារព័ត៌មានជប៉ុន NHK នេះគឺជាថ្ងៃទី២ជាប់ៗគ្នាហើយ ដែលទីក្រុងតូក្យូមានករណីឆ្លង COVID-19 ច្រើនជាង៤០០ករណី។ ម្យ៉ាងវិញទៀត ទោះជាអភិបាល ក្រុងតូក្យូ លោកស្រី Yuriko Koike បានឱ្យដឹងថាទីក្រុងតូក្យូ នឹងប្រកាសភាពអាសន្នដោយខ្លួនឯង ក៏រដ្ឋាភិបាលកណ្ដាលជប៉ុន អះអាងថាមិនទាន់មានភាពចាំបាច់ ក្នុងការបិទប្រទេស ឬដាក់ប្រទេសក្នុងគ្រាអាសន្ននោះទេ បើទោះជាករណីឆ្លងកើនឡើងគួរឱ្យព្រួយបារម្ភក៏ដោយ៕