(ឡូសអាន់ជែលែស)៖ កាលីហ្វ័រញ៉ាពេលនេះកំពុងតែជាប់ឈ្មោះ ជារដ្ឋរងគ្រោះដោយសារជំងឺរាតត្បាតសកល COVID-19 ធ្ងន់ធ្ងរជាងគេបំផុត នៅសហរដ្ឋអាមេរិក ដោយកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ករណីឆ្លងសរុប ៩,០៣២នាក់ទៀត ត្រូវបានរាយការណ៍។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២០។
កាលីហ្វ័រញ៉ាក្នុងនាមជារដ្ឋ ដែលមានប្រជាជនរស់នៅជាង ៤០លាននាក់ ច្រើនជាងគេប្រចាំសហរដ្ឋអាមេរិកនោះ ក៏កំពុងរ៉ាប់រងករណីឆ្លង COVID-19 ច្រើនជាងគេផងដែរ រហូតដល់ទៅជាង ៥០៩,០០០ករណី ក្នុងនោះស្លាប់សរុបជាង ៩,៣០០នាក់ ខណៈមនុស្សជាង ៨លាននាក់ហើយត្រូវបានធ្វើតេស្ត នៅក្នុងរដ្ឋភាគនិរតីអាមេរិកមួយនេះ។
គួរបញ្ជាក់ថា បើគិតត្រឹមព្រឹកថ្ងៃចន្ទនេះវិញ នៅទូទាំងសហរដ្ឋអាមេរិកមានករណីឆ្លង COVID-19 សរុបជាង ៤.៨លានករណី ក្នុងនោះស្លាប់ជាង ១៥៨,០០០នាក់ និងជាសះស្បើយវិញ ២.២៧លាននាក់៕