(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានយល់ព្រមទុកពេល ៤៥ថ្ងៃឱ្យក្រុមហ៊ុនចិន ByteDance ពិចារណា ក៏ដូចជាចរចាលក់បណ្ដាញទំនាក់ទំនងសង្គម TikTok ឱ្យក្រុមហ៊ុន Microsoft ដើម្បីជៀសវាងការបិទមិនឱ្យធ្វើប្រតិបត្តិការ នៅក្នុងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២០។
ទីភ្នាក់ងារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភពដែលខ្លួន ទទួលបានពីក្រុមមន្ត្រីអាមេរិកជាច្រើននាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ និងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានប្រកាសពីគម្រោងបិទមិនឱ្យ TikTok ធ្វើប្រតិបត្តិការនៅក្នុងសហរដ្ឋអាមេរិក ហើយក៏បានហាមក្រុមហ៊ុនអាមេរិក ទិញបណ្ដាញទំនាក់ទំនងសង្គមនេះពីក្រុមហ៊ុន ByteDance ផងដែរ។
ក៏ប៉ុន្តែក្រុមមន្ត្រីអាមេរិកជាច្រើននាក់បានប្រាប់ Reuters ថា ក្រោយមានកិច្ចពិភាក្សារវាងលោក ដូណាល់ ត្រាំ និងនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Microsoft លោក សត្យា ណាឌែលឡា (Satya Nadella) ក្រុមហ៊ុនយក្សអាមេរិកមួយនេះបានអះអាងថា ខ្លួននឹងបន្តចរចាទិញ TikTok ពីក្រុមហ៊ុន ByteDance ហើយអាចនឹងឈានដល់កិច្ចព្រមព្រៀង នៅត្រឹមថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះ។
យ៉ាងណាក៏ដោយ សេតវិមាន និងក្រុមហ៊ុន ByteDance មិនទាន់ធ្វើការអត្ថាធិប្បាយអ្វីនៅឡើយ ទៅនឹងសេចក្ដីរាយការណ៍របស់ Reuters នៅឡើយទេ ហើយក៏មិនទាន់ មានការបញ្ជាក់ឱ្យច្បាស់ថា តើហេតុអ្វីបានជាលោក ដូណាល់ ត្រាំ ផ្លាស់ប្ដូរចិត្តនោះដែរ។ ម្យ៉ាងវិញទៀត គេក៏នៅមិនទាន់ច្បាស់ដែរថា តើក្រុមហ៊ុន Microsoft នឹងទិញ TikTok ក្នុងតម្លៃប៉ុន្មាននោះទេ ខណៈបណ្ដាញទំនាក់ទំនងសង្គមចិនមួយនេះ ត្រូវបានគេប៉ាន់ស្មានថា មានតម្លៃលើស ៥០ពាន់លានដុល្លារ៕