(កូសូវ៉ូ)៖ នាយករដ្ឋមន្ត្រីកូសូវ៉ូ លោក អេវដាល់ឡាហ៍ យូទី (Avdullah Hoti) បានអះអាងថា រូបលោកបានឆ្លង COVID-19 តែមិនមានរោគសញ្ញាអ្វី គួរឱ្យព្រួយបារម្ភនោះទេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Politico នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២០។
លោក Hoti អាយុ ៤៤ឆ្នាំដែលទើបតែឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកូសូវ៉ូ កាលពីខែមិថុនាកន្លងទៅ ប្រកាសពីការឆ្លង COVID-19 នៅក្នុងសារមួយបង្ហោះលើទំព័រ Facebook ផ្លូវការរបស់លោក កាលពីថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់)។ លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា លោកមានរោគសញ្ញាស្រាលតែប៉ុណ្ណោះ ហើយពេលនេះលោកកំពុងស្នាក់នៅ ដាច់ដោយឡែកពីគេ និងធ្វើការពីផ្ទះរយៈពេល ០២សប្ដាហ៍។
សាធារណរដ្ឋកូសូវ៉ូ ដែលមានប្រជាជនសរុប ១.៨លាននាក់ បច្ចុប្បន្នមានអ្នកឆ្លង COVID-19 ជាង ៨,១០០នាក់ ក្នុងនោះស្លាប់ ២១២នាក់ ខណៈរដ្ឋាភិបាលកំពុងប្រឈមមុខ នឹងការរិះគន់កាន់តែខ្លាំង ជុំវិញការដោះស្រាយវិបត្តិជំងឺឆ្លងសកលមួយនេះ៕