(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា បានប្រកាសនៅក្នុងថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២០នេះថា ចំនួនអ្នកឆ្លង COVID-19 សរុបនៅប្រទេសរបស់ខ្លួន បានកើនដល់ ១,៨០៣,៦៩៥នាក់ហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារពត៌មានស៊ីនហួរ។
យោងតាមទិន្នន័យចុងក្រោយ ដែលត្រូវបានចេញផ្សាយដោយ ក្រសួងសុខាភិបាលឥណ្ឌាបានឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ៥២,៩៧២ករណីបន្ថែមទៀត ខណៈពេលអ្នកស្លាប់ថ្មីដោយសារ COVID-19 មានចំនួន ៧៧១នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៣៨,១៣៥នាក់ហើយ។
រហូតមកដល់ពេលនេះ មនុស្សចំនួន ១,១៨៦,២០៣នាក់ហើយបានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ខណៈពេលដែលអ្នកជម្ងឺចំនួន ៥៧៩,៣៥៧នាក់កំពុងបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។ ទន្ទឹមនឹងនេះ ប្រទេសឥណ្ឌាកំពុងបង្កើនការធ្វើតេស្តរក COVID-19 តាមរយៈសំណាកផងដែរ ដែលពេលនេះសំណាកចំនួន ២០,២០២,៨៥៨នាក់ហើយ ត្រូវបានគេធ្វើតេស្ដគិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ៕