(ហាណូយ)៖ នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) បាននិយាយថា ដើមខែសីហានេះគឺជាពេលវេលាមួយដ៏សំខាន់ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 ទ្រង់ទ្រាយធំ ខណៈប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ កំពុងប្រឈមមុខនឹង ការកើនឡើងវិញនៃករណីឆ្លង បន្ទាប់ពីមិនមានករណីឆ្លង នៃជំងឺដ៏កាចសាហាវនេះ អស់រយៈពេលច្រើនជាង ៣ខែមកហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២០។
លោក Nguyen Xuan Phuc ធ្វើការកត់សម្គាល់ខាងលើ ក្នុងកិច្ចប្រជុំជាមួយក្រុមមន្ត្រីរដ្ឋាភិបាល នៅថ្ងៃចន្ទនេះ។ លោកនាយករដ្ឋមន្ត្រីវៀតណាមរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «យើងត្រូវតែដាក់ពង្រាយកម្លាំងឱ្យបានពេញលេញ ដើម្បីទប់ស្កាត់ចំណុចកណ្ដាល នៃករណីឆ្លងទាំងអស់ ជាពិសេសនៅក្នុងទីក្រុង ដាណាង (Da Nang) តែម្ដង..។ នៅដើមខែសីហានេះ គឺជាពេលវេលាមួយដ៏សំខាន់ ដើម្បីបញ្ឈប់ និងទប់ស្កាត់ មិនឱ្យមានការឆ្លងរាតត្បាតទ្រង់ទ្រាយធំ»។
គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃចន្ទនេះ វៀតណាមមានករណីឆ្លង COVID-19 សរុប ៦២១នាក់ ក្នុងនោះស្លាប់ ០៦នាក់ និងជាសះស្បើយឡើងវិញ ៣៧៣នាក់។ ទោះបីជាករណីឆ្លងនេះ នៅមានកម្រិតតិចតួចខ្លាំងជាងប្រទេសនានា នៅលើពិភពលោក ប៉ុន្តែប្រទេសដែលមានប្រជាជនក្បែរខ្ទង់ ១០០លាននាក់មួយនេះ កន្លងមកត្រូវបានអន្តរជាតិកោតសរសើរថា បានទប់ស្កាត់ការរាតត្បាត COVID-19 យ៉ាងល្អបំផុត៕