(អូស្លូ)៖ អាជ្ញាធរសុខាភិបាលន័រវែសបាននិយាយថា ខ្លួនកំពុងតាមដានលើអ្នកដំណើរជាច្រើននាក់ ដែលទើបតែត្រឡប់មកពីធ្វើដំណើរកម្សាន្ត នៅឯតំបន់សមុទ្រទឹកកកអាក់ទិក បន្ទាប់ពីក្រុមនាវិក និងអ្នកដំណើរយ៉ាងហោច ៤០នាក់ នៅលើកប៉ាល់ដ៏ប្រណិតមួយគ្រឿង ត្រូវបានធ្វើតេស្តវិជ្ជមាន COVID-19។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២០។
កប៉ាល់ដ៏ប្រណិតខាងលើមានឈ្មោះថា MS រ៉ូល អាម៉ានសិន (MS Roald Amundsen) គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ហឺធីហ្គូរូធិន (Hurtiguruten) និងបច្ចុប្បន្នបានចូលចតនៅកំពង់ផែនៃទីក្រុង ត្រូមសូ (Tromsoe)។ សមាជិកនាវិក ៣៦នាក់ក្នុងចំណោម ១៥៨នាក់ និងអ្នកដំណើរ ០៤នាក់ ក្នុងចំណោម ៣៨៧នាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា «មានផ្ទុក COVID-19» កាលពីថ្ងៃសុក្រកន្លងទៅនេះ។
គួរបញ្ជាក់ថា កប៉ាល់ MS Roald Amundsen បានរៀបចំដំណើរកម្សាន្តចំនួនពីរ ទៅកាន់តំបន់សមុទ្រទឹកកកអាក់ទិច ស្ថិតនៅប៉ូលខាងជើងភពផែនដី កាលពីថ្ងៃទី១៧ ខែកក្កដា ដោយមានអ្នកដំណើរសរុប ២០៩នាក់ និងនៅថ្ងៃទី២៤ ខែកក្កដា ដោយផ្ទុកអ្នកដំណើរ ១៧៨នាក់។ គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ប្រទេសន័រវែសមានករណីឆ្លង COVID-19 សរុបចំនួន ៩,២៦៨ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ២៥៥នាក់ និងជាសះស្បើយចំនួន ៨,៧៥២នាក់៕