(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ក្រសួងធនធានធម្មជាតិចិននៅថ្ងៃចន្ទនេះ បានប្រកាសពីការបញ្ចប់ការធ្វើតេស្តផ្ទៀងផ្ទាត់ ប្រព័ន្ធរបស់ផ្កាយរណបចំនួន ០២គ្រឿង ដែលប្រើសម្រាប់សង្កេត មើលសកម្មភាពមហាសមុទ្រ។ ការធ្វើតេស្តនោះត្រូវបានប្រព្រឹត្តទៅ នៅឯតំបន់ស្វយ័តម៉ុងហ្គោលី ភាគខាងជើងនៃប្រទេសចិន។
២៖ ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងប្រយុទ្ធប្រឆាំង នឹងភ្លើងឆេះព្រៃដែលកំពុងឆាប់ឆេះយ៉ាងលឿន ចាប់តាំងពីថ្ងៃអាទិត្យសប្តាហ៍មុន នៅឯតំបន់រីវើសាយដ៍ (Riverside) នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
៣៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានយល់ព្រមទុកពេល ៤៥ថ្ងៃឱ្យក្រុមហ៊ុនចិន ByteDance ពិចារណា ក៏ដូចជាចរចាលក់បណ្ដាញទំនាក់ទំនងសង្គម TikTok ឱ្យក្រុមហ៊ុន Microsoft ដើម្បីជៀសវាងការបិទមិនឱ្យធ្វើប្រតិបត្តិការ នៅក្នុងសហរដ្ឋអាមេរិក។
៤៖ នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) បាននិយាយថា ដើមខែសីហានេះគឺជាពេលវេលាមួយដ៏សំខាន់ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 ទ្រង់ទ្រាយធំ
៥៖ ក្រសួងសុខាភិបាលឥណ្ឌា បានប្រកាសនៅក្នុងថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២០នេះថា ចំនួនអ្នកឆ្លង COVID-19 សរុបនៅប្រទេសរបស់ខ្លួន បានកើនដល់ ១,៨០៣,៦៩៥នាក់ហើយ។
៦៖ អាជ្ញាធរសុខាភិបាលន័រវែសបាននិយាយថា ខ្លួនកំពុងតាមដានលើអ្នកដំណើរជាច្រើននាក់ ដែលទើបតែត្រឡប់មកពីធ្វើដំណើរកម្សាន្ត នៅឯតំបន់សមុទ្រទឹកកក អាក់ទិក បន្ទាប់ពីក្រុមនាវិក និងអ្នកដំណើរយ៉ាងហោច ៤០នាក់ នៅលើកប៉ាល់ដ៏ប្រណិតមួយគ្រឿង ត្រូវបានធ្វើតេស្តវិជ្ជមាន COVID-19៕