(រ៉ង់ហ្គូន)៖ មេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អោងសាន ស៊ូជី (Aung San Suu Kyi) និងជាប្រធាននៃគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ (NLD) បានប្រកាសជាផ្លូវការនៅថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០នេះថា លោកស្រីនឹងឈរឈ្មោះសម្រាប់អាណត្តិទី ២ បន្ថែមទៀត នៅក្នុងការបោះឆ្នោតសកល នៅក្នុងខែវិច្ឆិកាខាងមុខ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។
លោកស្រី អោងសាន ស៊ូជី បានជាប់ឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីជាលើកដំបូង កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោយពីលោកស្រីត្រូវបានដោះលែង ឲ្យមានសេរីភាពឡើងវិញ។ ប៉ុន្តែលោកស្រីមិនអាចឡើងកាន់តំណែង ជាប្រធានាធិបតីមីយ៉ាន់ម៉ានោះឡើយ ព្រោះតែច្បាប់បានរារាំង។ ទោះជាបែបនេះក្តី ក្នុងតំណែងជាទីប្រឹក្សារដ្ឋបានអនុញ្ញាតឲ្យលោកស្រី ដឹកនាំរដ្ឋាភិបាលមីយ៉ាន់ម៉ាបាន។
គួរបញ្ជាក់ថា ព្យុះភ្លៀងបង្កឡើងដោយបញ្ហាជនភៀសខ្លួនរ៉ូហ៊ីងយ៉ា បានធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់លោកស្រី ធ្លាក់ចុះយ៉ាងខ្លាំងនៅលើឆាកអន្តរជាតិមែន ប៉ុន្តែបើគេសម្លឹងមើលទៅក្នុងប្រទេសវិញ ប្រជាពលរដ្ឋមីយ៉ាន់ម៉ាភាគច្រើន នៅតែគាំទ្រមេដឹកនាំវ័យ ៧៥ឆ្នាំរូបនេះដដែល។
កាលពីដើមខែកក្កដាកន្លងទៅនេះ គណៈកម្មការបោះឆ្នោតជាតិមីយ៉ាន់ម៉ា បានសម្រេចជ្រើសយកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ សម្រាប់រៀបចំការបោះឆ្នោតសកលអាណត្តិថ្មី។ កន្លងមកនេះ រដ្ឋាភិបាលមីយ៉ាន់ម៉ាក៏បានធ្វើការគ្រប់គ្រងបញ្ហា COVID-19 យ៉ាងល្អផងដែរ ដែលប្រការនេះអាចជាពិន្ទុល្អបន្ថែមទៀត ទៅដល់លោកស្រី ស៊ូជី៕