(ម៉ានីល)៖ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Delfin Lorenzana បាននិយាយថាហ្វីលីពីន នឹងមិនចូលរួមធ្វើសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក ឬប្រទេស ដទៃណាមួយ នៅក្នុងតំបន់សមុទ្រចិនខាងត្បូងនោះទេ ដោយសារបារម្ភការធ្វើបែបនេះនឹងធ្វើឱ្យស្ថានភាពកាន់តែតានតឹងឡើងតែប៉ុណ្ណោះ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០។
លោក Delfin Lorenzana ធ្វើការកត់សម្គាល់ខាងលើ នាឱកាសធ្វើសន្និសីទមួយតាមប្រព័ន្ធអនឡាញ នៅថ្ងៃចន្ទសប្ដាហ៍នេះ។ លោក Lorenzana បានគូសបញ្ជាក់ ដូច្នេះថា៖ «លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ បានចេញបញ្ជាបង្គាប់មកពួកយើង និងខ្ញុំថាយើងមិនអាចចូលរួមធ្វើសមយុទ្ធយោធានៅក្នុងតំបន់សមុទ្រចិនខាងត្បូង ឡើយ លើកលែងតែនៅក្នុងដែនទឹករបស់យើង»។
ជុំវិញការលើកឡើងរបស់លោក Lorenzana នេះដែរ លោក Wang Wenbin ជាអ្នកនាំពាក្យក្រសួងការបរទេសចិន បានចាត់ទុកថានេះគឺជាកាយវិការមួយដ៏ល្អរបស់ ហ្វីលីពីន ហើយថាទីក្រុងប៉េកាំង ត្រៀមខ្លួនជាស្រេច ដើម្បីដោះស្រាយបញ្ហាជាមួយទីក្រុងម៉ានីល ប្រកបដោយមិត្តភាព និងការប្រឹក្សាយោបល់គ្នាទៅវិញ ទៅមក សំដៅចូលរួមចំណែករក្សាស្ថេរភាព និងសន្តិភាពក្នុងតំបន់សមុទ្រចិនខាងត្បូង។
គួរបញ្ជាក់ថា លោក ឌូតឺតេ កាលពីថ្ងៃទី២៧ ខែកក្កដាកន្លងទៅ បានបញ្ជាក់ជាថ្មីថាហ្វីលីពីន នឹងប្រកាន់យកនយោបាយការបរទេសឯករាជ្យ ដោយមិនស្រវាអោប អាមេរិក ឬចិននោះទេ ហើយក៏មិនចង់ប្រឈមមុខ ឬផ្ទុះជម្លោះជាមួយចិន ជុំវិញជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូងនោះដែរ។ សហរដ្ឋអាមេរិក បាននិងកំពុង បង្កើនសកម្មភាពយោធាកាន់តែច្រើនឡើង នៅក្បែរតំបន់ជម្លោះដោយកាលពីខែកក្កដាកន្លងទៅ សហរដ្ឋអាមេរិក អូស្ត្រាលី និងជប៉ុន បានដឹកនាំការធ្វើសមយុទ្ធ យោធារួមគ្នាមួយនៅក្នុងតំបន់ ជាការបង្អួតសាច់ដុំដាក់ចិន៕