(លីបង់)៖ មានហេតុការណ៍ផ្ទុះដ៏កក្រើកមួយបានកើតឡើងនៅរដ្ឋធានី Beirut របស់ប្រទេសលីបង់ នាថ្ងៃអង្គារនេះបានបណ្តាលឲ្យមនុស្សស្លាប់យ៉ាងតិច១០នាក់ និងរងរបួសជាច្រើននាក់ ព្រមទាំងធ្វើឲ្យមានការខូចខាតយ៉ាងខ្លាំង, នេះបើយោងតាមសារព័ត៌មាន Fox News ចេញផ្សាយនាយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០នេះ។
មូលហេតុដែលបណ្តាលឲ្យមានការផ្ទុះ នៅមិនទាន់ដឹងនៅឡើយនោះទេ។ រដ្ឋាភិបាលលីបង់ក៏មិនទាន់បានចេញផ្សាយជាផ្លូវការ ពាក់ព័ន្ធនឹងចំនួនអ្នករងរបួស ឬក៏ទំហំនៃការខូចខាតនោះដែរ។
ហេតុការណ៍ផ្ទុះឡើងនាពេលរសៀលនេះ (ពេលវេលានៅលីបង់) បានធ្វើឲ្យរញ្ជួយដល់ផ្នែកជាច្រើន នៃរដ្ឋធានីរបស់លីបង់ ហើយបានហុយផ្សែងយ៉ាងខ្លាំងនៅកណ្តាលទីក្រុង។
ហេតុការណ៍ផ្ទុះនេះបានកើតឡើង នៅកណ្តាលទីក្រុង នៅជុំវិញកំពង់ផែទីក្រុង Beirut ហើយបណ្តាលឲ្យខូចខាតទំហំយ៉ាងធំ។
គួរបញ្ជាក់ថា ការផ្ទុះនេះបានកើតឡើងប៉ុន្មានថ្ងៃ មុនពេលដែលតុលាការរបស់អង្គការសហប្រជាជាតិត្រូវបានគេរំពឹងថា នឹងចេញសាលក្រមរបស់ខ្លួនលើសមាជិកចំនួន៤នាក់ ដែលជាសមាជិកបក្សនយោបាយ Hezbollah ដែលត្រូវបានចោទប្រកាន់ពីបទសម្លាប់អតីតនាយករដ្ឋមន្ត្រីលីបង់ លោក Rafic Hariri នៅក្នុងការបំផ្ទុះគ្រាប់បែកក្នុងរថយន្ត កាលពីឆ្នាំ២០០៥ នារដ្ឋធានី Beirut៕