(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 សរុបនៅប្រទេសរបស់ខ្លួន បានកើនដល់ ៤០,៦៩៩នាក់ហើយ ខណៈចំនួនអ្នកឆ្លងសរុបកើនដល់ ១,៩៦៤,៥៣៦នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារពត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២០។
ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ក្រសួងសុខាភិបាលឥណ្ឌា បានរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ៥៦,២៨២ករណី និងអ្នកស្លាប់ថ្មីចំនួន ៩០៤នាក់បន្ថែមទៀត ដែលត្រូវបានរាយការណ៍នៅទូទាំងប្រទេស។ ចំណែកឯ មនុស្សចំនួន ១,៣២៨,៣៣៦នាក់ បានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយ ខណៈករណី សកម្មចំនួន ៥៩៥,៥០១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។
បច្ចុប្បន្ន ប្រទេសឥណ្ឌាកំពុងផ្ដោតសំខាន់ទៅលើការធ្វើតេស្ដរក COVID-19 តាមរយៈសំណាក ហើយយោងតាមទិន្នន័យរបស់ក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្រ្តឥណ្ឌា (ICMR) សំណាកចំនួន ២២,១៤៩,៣៥១នាក់ហើយ ត្រូវបានគេធ្វើតេស្តគិតត្រឹមថ្ងៃពុធ ម្សិលមិញនេះ៕