(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Twitter បានទាក់ទងជាមួយក្រុមហ៊ុនចិន ByteDance ដើម្បីបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួន ក្នុងការទិញយកប្រតិបត្តិការនៃបណ្ដាញ ទំនាក់ទំនងសង្គម TikTok នៅក្នុងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៩ ខែសីហា ឆ្នាំ២០២០។
ទីភ្នាក់ងារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ Reuters បានឱ្យដឹងទៀតថា កិច្ចចរចាបឋមទិញ TikTok របស់ក្រុមហ៊ុន Twitter កើតមានឡើងចំពេលក្រុមហ៊ុន Microsoft ត្រូវបានគេមើលឃើញថាមានលទ្ធភាពខ្ពស់ជាងគេក្នុងការទិញ TikTok ពីក្រុមហ៊ុន ByteDance។ តែទោះជាយ៉ាងនេះក្ដី ក្រុមហ៊ុន Twitter និងក្រុមហ៊ុនចិន ByteDance មិនទាន់ធ្វើអត្ថាធិប្បាយអ្វីឡើយទេ ទៅនឹងសេចក្ដីរាយការណ៍របស់
Reuters ខណៈTwitter កំពុងមានជម្លោះស្រាប់ជាមួយលោក ដូណាល់ ត្រាំ។
គួរជម្រាបថា នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមចិន TikTok ត្រូវបានរាយការណ៍ដូចគ្នាថា គ្រោងនឹងដាក់ពាក្យប្ដឹងរដ្ឋាភិបាលអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍ក្រោយនេះ ដើម្បីប្រឆាំងជំទាស់នឹងបទបញ្ជាប្រតិបត្តិរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលមានបំណងបិទមិនឱ្យ TikTok ធ្វើប្រតិបត្តិការ នៅក្នុងសហរដ្ឋអាមេរិក។
លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដោយបង្គាប់ឱ្យក្រុមហ៊ុនអាមេរិកបញ្ឈប់ការធ្វើប្រតិបត្តិការ ឬចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ByteDance ដោយទុកពេល៤៥ថ្ងៃ ឱ្យក្រុមហ៊ុនចិនមួយនេះលក់បណ្ដាញទំនាក់ទំនងសង្គម TikTok របស់ខ្លួន ឱ្យក្រុមហ៊ុនអាមេរិក បើមិនដូច្នេះទេ TikTok មិនអាចបន្តប្រតិបត្តិការខ្លួននៅអាមេរិកបានទៀតទេ។ បន្ថែមពីលើនេះ លោក ត្រាំ ក៏បានចាត់វិធានការស្រដៀងគ្នា នេះដើម្បីហាមឃាត់កម្មវិធី WeChat ដែលគ្រប់គ្រងដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនធិនសេន (Tencent)។ ក្រៅតែ Twitter និងMicrosoft ក្រុមហ៊ុន Apple ក៏មានចំណាប់អារម្មណ៍ទិញយក TikTok ផងដែរ៕