(តូក្យូ)៖ ប្រទេសជប៉ុន នៅថ្ងៃអាទិត្យ ទី០៩ ខែសីហា ឆ្នាំ២០២០នេះ បានប្រារព្ធខួបឆ្នាំទី៧៥ នៃការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ពីសំណាក់សហរដ្ឋអាមេរិក លើទីក្រុងណាហ្គាសាគី (Nagasaki) ដែលបានបង្ខំឱ្យជប៉ុនចុះចាញ់សង្រ្គាមលោកលើកទី២។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN។
ពិធីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ ត្រូវបានធ្វើឡើងនៅឯឧទ្យានសន្តិភាព (Peace Park) ក្រោមវិធានការរឹតត្បិតមួយចំនួន និងការកំណត់ចំនួនមនុស្សចូលរួម ដើម្បី ទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។ ប្រជាជនជប៉ុន ៥០០នាក់ និងអ្នកតំណាងមកពីតំបន់ និងប្រទេសចំនួន៧០ បានចូលរួមក្នុងពិធីរំលឹកខួបប្រចាំឆ្នាំនេះ។
សហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកនុយក្លេអ៊ែរទី២ លើទីក្រុងទីក្រុងណាហ្គាសាគី (Nagasaki) នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ១៩៤៥ ពោលគឺបីថ្ងៃ បន្ទាប់ពីបានទម្លាក់ គ្រាប់នុយក្លេអ៊ែរដំបូងគេបំផុតលើពិភពលោក លើទីក្រុងហ៊ីរ៉ូស៊ីម៉ា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំដដែល។ ប្រជាជនជប៉ុន នៅក្នុងទីក្រុងណាហ្គាសាគី ៧៤,០០០នាក់ បានបាត់បង់ជីវិត និង១៤០,០០០នាក់ បានស្លាប់ក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា ហើយក្នុងចំណោមអ្នកទាំងនេះទៀតសោត មួយចំនួនធំ បានស្លាប់ភ្លាមៗ និងខ្លះទៀតបានស្លាប់ ដោយសារកើតជំងឺមហារីកដែលបង្កឡើងដោយជាតិវិទ្យុសកម្មនៃគ្រាប់បែកបរមាណូ។
ជប៉ុន បានប្រកាសចុះចាញ់សង្រ្គាមលោកលើកទី២ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៤៥។ បណ្តាអ្នកស្រាវជ្រាវប្រវត្តិសាស្រ្តជាច្រើន រួមទាំងប្រជាជនអាមេរិកយល់ថា បើមិនទម្លាក់គ្រាប់បែកនុយក្លេអ៊ែរទេ នោះសង្រ្គាមលោកលើកទី ២ នឹងមិនងាយបញ្ចប់ឡើយ រីឯមនុស្សស្លាប់អាចនឹងមានច្រើនជាងការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ទាំង២គ្រាប់នេះទៅទៀត។ ប៉ុន្តែ សម្រាប់ប្រជាជនជប៉ុនវិញតែងចាត់ទុកថាការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរនេះ គឺជាឧក្រិដ្ឋកម្មសង្រ្គាម ដ្បិតវាមានគោលដៅលើ ជនស៊ីវិល និងបង្កមហន្តរាយធំធេងបំផុត នៅក្នុងប្រវត្តិសាស្ត្រជប៉ុន ក៏ដូចជាមនុស្សជាតិលើផែនដី។
គួរជម្រាបថា សហរដ្ឋអាមេរិកមិនដែលសូមទោស ចំពោះការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងទីក្រុងណាហ្គាសាគីនោះទេ។ ទោះបីអតីត ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ដែលធ្លាប់បានពេញដំណើរទស្សនកិច្ចមកកាន់ទីក្រុងហ៊ីរ៉ូស៊ីម៉ា កាលពីឆ្នាំ២០១៦ ក្នុងនាមជាប្រធានាធិបតីអាមេរិក ដំបូងបំផុតដែលបានធ្វើដូច្នេះក៏ដោយ ក៏លោកមិនបានសូមទោសជប៉ុនដែរ ដោយគ្រាន់តែបានអំពាវនាវឱ្យពិភពលោក ចូលរួមលុបបំបាត់អាវុធនុយក្លេអ៊ែរ តែប៉ុណ្ណោះ៕