(ប៉េកាំង)៖ ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន បានសន្យាថានឹងរក្សាតំបន់អាស៊ីអាគ្នេយ៍ ជាតំបន់មួយប្រកបដោយសន្តិភាព ស្ថេរភាព សន្តិសុខ និងអព្យាក្រឹត ចំពោះមុខ ការកើនឡើងនៃការប្រជែងឥទ្ធិពលគ្នាកាន់តែខ្លាំងរវាងសហរដ្ឋអាមេរិក និងចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី០៩ ខែសីហា ឆ្នាំ២០២០។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយ កាលពីថ្ងៃសៅរ៍ម្សិលមិញ នាឱកាសនៃការប្រារព្ធខួបលើកទី៥៣ នៃការបង្កើតសមាគមអាស៊ាន ក្រុមរដ្ឋមន្ត្រីការបរទេស អាស៊ាន បានគូសបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្ត នៃបណ្ដាប្រទេសជាសមាជិកទាំងអស់ ដើម្បីធានាការអនុវត្តឱ្យមានប្រសិទ្ធភាពនូវចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ ។ លើសពីនេះទៅទៀត ពួកគេក៏បានអំពាវនាវផងដែរឱ្យបន្តកសាងយុទ្ធសាស្ត្រគួរឱ្យទុកចិត្ត និងការទុកចិត្តគ្នាទៅវិញទៅមក នៅក្នុងចំណោមបណ្ដាប្រទេសជាសមាជិក អាស៊ាន តាមរយៈការបន្តកិច្ចសន្ទនា, កិច្ចសហប្រតិបត្តិការឈ្នះ និងការបង្កើតបរិយាកាសសន្តិភាព ដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
គួរបញ្ជាក់ថា សេចក្ដីថ្លែងការណ៍ខាងលើ របស់ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ានកើតមានឡើង នៅចំពេលសហរដ្ឋអាមេរិក និងចិនត្រូវបានគេមើលឃើញថាកំពុងប្រជែង ដណ្ដើមឥទ្ធិពលគ្នាកាន់តែខ្លាំង នៅឯតំបន់សមុទ្រចិនខាងត្បូង ជាទីដែលប្រទេសជាសមាជិកអាស៊ានមួយចំនួនដូចជា វៀតណាម, ហ្វីលីពីន, ប្រ៊ុយណេ និងម៉ាឡេស៊ី កំពុងមានជម្លោះដែនទឹកជាមួយចិន។ អ្នកជំនាញជាច្រើន បានបង្ហាញក្ដីបារម្ភថា បញ្ហាសមុទ្រចិនខាងត្បូង អាចនឹងក្លាយជាទីដែលអាមេរិក និងចិន ប្រឈមមុខដាក់គ្នា ដោយផ្ទាល់នៅពេលអនាគត ហើយបើសិនជាជម្លោះរវាងមហាអំណាចទាំង២ ផ្ទុះឡើងនៅថ្ងៃណាមួយ វាក៏អាចនឹងបង្ខំឱ្យប្រទេសជាសមាជិកអាស៊ានទាំងអស់ បង្ខំចិត្ត ត្រូវជ្រើសរើសថា គួរឈរនៅខាងចិន ឬក៏សហរដ្ឋអាមេរិក ផងដែរ៕