(លីបង់)៖ ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍ផ្ទុះដ៏កក្រើកមួយ កាលពីសប្តាហ៍មុននៅឯកំពង់ផែ នៃទីក្រុង Beirut ប្រទេសលីបង់ បានកើនឡើងដល់១៧១នាក់, នេះបើតាមការបញ្ជាក់ពីរដ្ឋមន្ត្រីសុខាភិបាល លីបង់ ដែលចុះចេញពីតំណែង លោក Hassan Hamad ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ។
លើកឡើងបន្ទាប់ពីបញ្ចប់កិច្ចប្រជុំជាមួយនឹងមន្ត្រីសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោក លោក Rick Brennan, លោក Hamad បានប្រាប់អ្នកយកព័ត៌មានថា «ចំនួនមនុស្សដែលកំពុងបាត់ខ្លួន មានចម្លោះពី៣០ទៅ៤០នាក់»។ ចំពោះអ្នករងរបួសវិញ លោកបានលើកឡើងថា មានអ្នករងរបួសប្រមាណ១,៥០០នាក់ កំពុងសម្រាកព្យាបាល ក្នុងនោះ១២០នាក់ កំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់។
គួររំលឹកថា ការផ្ទុះដ៏ខ្លាំងក្លាមួយបានកើតឡើងនៅទីក្រុង Beirut កាលពីថ្ងៃអង្គារសប្តាហ៍មុន បន្ទាប់ពីឃ្លាំងទុកចោលយ៉ាងធ្វេសប្រហែស ដែលមានអាម៉ូញ៉ូមនីត្រាត ចំនួន២,៧៥០តោននៅក្នុងនោះ។ ការផ្ទុះនេះបានបណ្តាលឲ្យមានការខូចខាតយ៉ាងធំ នៅក្នុងទីក្រុងមួយនេះ ដែលបានបណ្តាលឲ្យមនុស្សរាប់រយនាក់ គ្មានផ្ទះសម្បែងរស់នៅ។ វាបានកើតឡើង ស្របពេលដែលលីបង់ កំពុងដោះស្រាយវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ និងវិបត្តិជំងឺឆ្លង COVID-19 ផងដែរ។
បាតុកម្មហិង្សាបានបន្តធ្វើឡើងនៅក្នុងប្រទេសមួយនេះ បើទោះបីលោកនាយករដ្ឋមន្ត្រី Hassan Diab ប្រកាសរំលាយរដ្ឋាភិបាលក៏ដោយ៕