(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន (Joe Biden) បានសម្រេចចិត្តជ្រើសសមាជិកព្រឹទ្ធសភា លោកស្រី ខាម៉ាឡា ហារីស (Kamala Harris) ជាបេក្ខភាពអនុប្រធានាធិបតីរបស់លោក ដើម្បីចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតប្រធានាធិបតី ដែលនឹងចូលមកដល់នៅថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០។
លោកស្រី Kamala Harris អាយុ ៥៥ឆ្នាំ មានឪពុកជាជនជាតិចាម៉ៃកា និងម្ដាយជាជនជាតិឥណ្ឌា ហើយការជ្រើសរើសលោកស្រី Harris នឹងធ្វើឱ្យលោកស្រីក្លាយជាអនុប្រធានាធិបតីអាមេរិកជាស្ត្រីដំបូងបំផុត និងជាអនុប្រធានាធិបតីអាមេរិកស្បែកខ្មៅដំបូងបំផុត បើសិនជាលោក Joe Biden អាចផ្ដួលលោក ដូណាល់ ត្រាំ នៅខែវិច្ឆិកាខាងមុខនេះបានមែននោះ។
គួរជម្រាបថា បើតាមក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Joe Biden លោក Biden និងលោកស្រី Harris នឹងបង្ហាញនៅក្នុងព្រឹត្តិការណ៍មួយ រៀបចំឡើងនៅក្នុងទីក្រុង វីលមីងតុន (Wilmington) នៃរដ្ឋឌែឡាវែ (Delaware) នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅអាមេរិក)។ អ្វីដែលជំរុញលើកទឹកចិត្តឱ្យលោក Biden ជ្រើសរើសលោកស្រី Harris ជាអនុប្រធានាធិបតី របស់លោក គឺមរណភាពរបស់បុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ (George Floyd) ដែលត្រូវបានប៉ូលិសអាមេរិកស្បែកសម្នាក់ក្នុងទីក្រុង មីននាផូលីស (Minneapolis) យកជង្គង់សង្កត់រហូតដល់ស្លាប់ និងបានបង្កជាបាតុកម្មតវ៉ា នៅទូទាំងសហរដ្ឋអាមេរិក៕