(ប៉េកាំង)៖ ចិនបានប្រាប់ឱ្យកងទ័ពរបស់ខ្លួនរក្សាការអត់ធ្មត់ ឱ្យបានកម្រិតខ្ពស់ជាទីបំផុត ដោយមិនត្រូវបើកការបាញ់ប្រហារ លើយន្ដហោះចម្បាំង ឬនាវាចម្បាំងអាមេរិកមុនជាដាច់ខាត ខណៈទីក្រុងប៉េកាំង កំពុងព្យាយាមបន្ធូរបន្ថយភាពតានតឹង នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដើម្បីកុំឱ្យអាមេរិកចេះតែមានលេស បង្កើនវត្តមានយោធានៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០។

សារព័ត៌មានហុងកុង South China Morning Post ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថា ទីក្រុងប៉េកាំងបានធ្វើទំនាក់ទំនងតាមមធ្យោបាយជាច្រើន ជាមួយសហរដ្ឋអាមេរិក ដោយបានបញ្ជាក់ច្បាស់ៗថា «ខ្លួននឹងមិនបើកការវាយប្រហារមុននោះទេ»។ ប្រការនេះជាសក្ខីកម្មបង្ហាញពី កាយវិកាប្រកបដោយសុឆន្ទៈ សំដៅរក្សាស្ថានភាពឱ្យស្ថិតនៅក្រោមការគ្រប់គ្រង។

ប្រភពដដែលខាងលើនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វាជាគឺជារឿងងាយស្រួលបំផុត ក្នុងការបញ្ជាឱ្យបើកការបាញ់ប្រហារមុន តែទាំងសហរដ្ឋអាមេរិក និងប្រទេសចិន នឹងមិនអាចគ្រប់គ្រងផលវិបាក ដែលនឹងកើតឡើងបន្ទាប់ពីនោះទេ ខណៈស្ថានភាពនាពេលបច្ចុប្បន្ន គឺកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ខ្ពស់បំផុត»

គួរជម្រាបថា កាលពីខែកក្កដាកន្លងទៅ សហរដ្ឋអាមេរិកបានបញ្ជូន នាវាផ្ទុកយន្ដហោះចម្បាំងពីរគ្រឿងគឺ USS នីមីតស៍ (USS Nimitz) និង USS រ៉ូណាល់ដ៍ រីហ្គែន (USS Ronald Reagan) ឱ្យមកធ្វើសមយុទ្ធយោធា នៅក្បែរតំបន់ដែនទឹកជម្លោះក្នុងសមុទ្រចិនខាងត្បូង។ ជាការឆ្លើយតប ចិនក៏បានដឹកនាំការធ្វើសមយុទ្ធយោធា នៅក្នុងតំបន់សមុទ្រចិនខាងត្បូង និងជុំវិញកោះតៃវ៉ាន់ផងដែរ រហូតដល់ធ្វើឱ្យអ្នកជំនាញជាច្រើនបង្ហាញក្ដីព្រួយបារម្ភថា មហាអំណាចទំាង ២ កំពុងខិតកាន់តែជិតមាត់ជ្រោះនៃជម្លោះ។

ទោះជាយ៉ាងណា ជម្លោះប្រដាប់អាវុធរវាងចិន និងសហរដ្ឋអាមេរិក គ្មាននរណាម្នាក់អាចដឹងមុនថា នឹងត្រូវផ្ទុះនៅពេលណានោះ ហើយភាពតានតឹងរវាងប្រទេសទាំង ២ ក៏មិនមែនទើបតែកើតុំាមឡើងនោះដែរ។ ជាឧទាហរណ៍ សហរដ្ឋអាមេរិក និងចិនក៏ធ្លាប់ត្រូវបានគេយល់ថា អាចនឹងបង្កជម្លោះនឹងគ្នាផងដែរ កាលពីឆ្នាំ២០០១ ជាពេលដែលយន្ដហោះស៊ើបការណ៍អាមេរិកមួយគ្រឿង បានហោះបុកជាមួយយន្ដហោះចម្បាំងមួយគ្រឿង នៃកងទ័ពរំដោះប្រជាជនចិន (PLA) នៅក្នុងដែនអាកាសនៃកោះ ហៃណាន (Hainan)។

នៅក្នុងគ្រោះថ្នាក់ខាងលើនេះ ពីឡុតយន្ដហោះចម្បាំងចិនគឺលោក វ៉ាង វៃ (Wang Wei) បានស្លាប់ រីឯយន្ដហោះស៊ើបការណ៍អាមេរិក ត្រូវបានបង្ខំចិត្តចុះចតនៅលើកោះ ហៃណាន (Hainan)។ តែនៅទីបំផុត ពីឡុតអាមេរិកត្រូវបានដោះលែង ក្រោយសហរដ្ឋអាមេរិកចេញសេចក្ដីថ្លែងការណ៍ ប្រកបដោយការប្រុងប្រយ័ត្នពាក់ព័ន្ធនឹងគ្រោះថ្នាក់នេះ ហើយភាពតានតឹងក៏ត្រូវបានកាត់បន្ថយ៕