(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានរាយការណ៍នៅថ្ងៃពុធនេះថា សមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនឹងចាប់ផ្តើមនៅសប្តាហ៍នេះដូចការគ្រោងទុក បើទោះបីជាមានហានិភ័យនៃការឆ្លង COVID-19 ក៏ដោយ ប៉ុន្តែការកែសម្រួលមួយចំនួន ត្រូវបានធ្វើឡើង។ នេះបើតាមការដកស្រង់ដោយសារពត៌មាន CNA នាព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០។
សមយុទ្ធនេះនឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី១៦-២៨ ខែសីហា ប៉ុន្តែវានឹងគ្មានការចល័តកងទ័ព ចេញពីមូលដ្ឋានកងទ័ពអាមេរិកនោះឡើយ ខណៈសកម្មភាពនាពេលយប់ត្រូវកាត់បន្ថយ និងផ្តោតសំខាន់លើសមយុទ្ធ តាមប្រព័ន្ធកុំព្យូទ័រជាជាងការហ្វឹកហាត់ នៅលើទីលានជាក់ស្តែង។
អ្នកនាំពាក្យរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង បានបញ្ជាក់ថា ផែនការកែសម្រួលខាងលើនេះ មិនទាន់ត្រូវបានសម្រេចនៅឡើយទេ ខណៈកងទ័ពអាមេរិកប្រចាំកូរ៉េខាងត្បូង (USFK) ក៏មិនបានឆ្លើយតបភ្លាមៗ ទៅនឹងសំណើសុំការអត្ថាធិប្បាយនោះដែរ។
មូលដ្ឋានទ័ពអាមេរិកប្រចាំកូរ៉េខាងត្បូង មានកងទ័ពសរុបចំនួន ២៨,៥០០នាក់ ក្នុងនោះយ៉ាងតិច ៦៥នាក់បានឆ្លងជំងឺ COVID-19 ក្នុងចំណោមកងទ័ព បុគ្គលិក និងសមាជិកគ្រួសាររបស់ពួកគេ ចាប់តាំងពីខែកក្កដាមកម្ល៉េះ ដែលបានបង្កឲ្យមានការព្រួយបារម្ភ ពីសំណាក់ប្រជាជនកូរ៉េខាងត្បូងដែលរស់នៅក្បែរៗមូលដ្ឋានយោធានេះ។
គួរបញ្ជាក់ថា តាំងពីដើមរៀងមក កូរ៉េខាងជើងបានសម្តែងការមិនពេញចិត្ត ចំពោះសមយុទ្ធប្រចាំឆ្នាំនេះ និងបានហៅសមយុទ្ធរួមគ្នានេះថា ជាការហាត់សមដើម្បីធ្វើសង្គ្រាមប្រឆាំងខ្លួន។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សមយុទ្ធរួមគ្នានេះត្រូវបានកាត់បន្ថយដើម្បីជួយសម្រួលដល់កិច្ចចរចាស្តីពីការលុបបំបាត់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង៕