(ស៊ីដនី)៖ ក្រុមបុរាណវិទូអូស្ត្រាលីបានលើកឡើងថា ដាននៃចំការចេកពីបុរាណ ដែលមានអាយុកាលប្រមាណ ២,១៤៥ឆ្នាំមកហើយនោះ ត្រូវបានរកឃើញនៅលើកោះតូចមួយឈ្មោះ ម៉ាប៊ូយ៉ាក (Mabuyag) ស្ថិតនៅច្រកសមុទ្រ តូរែស (Torres Strait) ភាគខាងជើងប្រទេសអូស្ត្រាលី។ នេះបើតាមការចេញផ្សាយដោយ BBC នារសៀលថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០។
ក្រុមអ្នកស្រាវជ្រាវអូស្ត្រាលីបានធ្វើការសន្មត់ដូចខាងលើនេះ ក្រោយពីការចុះទៅសិក្សាផ្ទាល់នៅលើកោះ Mabuyag។ សំណល់មីក្រូនៃដើមចេក និងផ្លែចេក, ឧបករណ៍ប្រើប្រាស់ធ្វើពីថ្ម និងដាននៃជញ្ជាំង ដែលធ្លាប់ត្រូវបានកសាងឡើងនៅទីនោះ គឺជាសុទ្ធសឹងតែជាភស្តុតាងសំខាន់ៗ ដែលត្រូវបានរកឃើញ។ អ្នកស្រាវជ្រាវក៏បានច្រានចោលផងដែរ ចំពោះការលើកឡើងពីមុនថា ជនជាតិដើមអូស្ត្រាលី គឺជាពួកអ្នកប្រមាញ់ និងទន្ទ្រានកាន់កាប់តំបន់ទាំងនោះ។
ក្រុមអ្នកសិក្សាខាងលើនេះ ដឹកនាំដោយលោក រ៉ូប៊ឺត វីលៀម (Robert Williams) មកពីសាកលវិទ្យាល័យជាតិអូស្ត្រាលី និងសាកលវិទ្យាល័យស៊ីដនី។ ការសិក្សាអាចនាំឲ្យក្រុមបុរាណវិទូស្វែងយល់បន្ថែមថា ជនជាតិហ្សកម៉ាល់ហ្គល (Goegmulgal) នៅលើកោះ Mabuyag គឺធ្លាប់បានធ្វើការអភិវឌ្ឍផ្នែកកសិកម្មចំរុះ ក្នុងនោះរួមមានទាំងដំណាំចេកផងដែរ និងការបង្កើតឧបករណ៍នានា ដើម្បីជម្រុញសកម្មភាពកសិកម្មកាន់តែប្រសើរ តាំងតែពីជាង ២,០០០ឆ្នាំមុនមកម្ល៉េះ។
គួរបញ្ជាក់ថា ច្រកសមុទ្រ Torres ត្រូវបានក្រុមអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ ចាត់ទុកថា ជាចំណុចបែងចែករវាងក្រុមជនជាតិភាគតិច នៅលើកោះញូហ្គីណេ (New Guinea ដែលបច្ចុប្បន្នពាក់កណ្តាលជារបស់ឥណ្ឌូណេស៊ី និងពាក់កណ្តាលទៀតជារបស់ប្រទេសប៉ាពួញូហ្គីណេ) ជាមួយនិងដែនដីអូស្ត្រាលី ដោយពួកគេបានប្រកបរបរកសិកម្ម ដើម្បីចិញ្ចឹមជីវិត ហើយនៅខាងទឹកដីអូស្ត្រាលី ត្រូវបានចាត់ទុកជាក្រុមអ្នកប្រមាញ់បែបទន្ទ្រាន។
ប៉ុន្តែសម្រាប់ការរកឃើញថ្មីៗនេះបានបង្ហាញថា តាមពិតទៅច្រកសមុទ្រ Torres ជាចំណុចដ៏ពិសេសមួយនៃការធ្វើកសិកម្មដំណាំចំរុះ ទាំងនៅលើកោះ និងដែនដីក្បែរខាងនោះដែរ។ ប្រព័ន្ធទ្រទ្រង់កសិកម្មសម័យនោះ បានឆ្លុះបញ្ចាំងពីរបបអាហារក្នុងតំបន់ដែលមិនអាចខ្វះបាន រួមមានដូចជា ដំឡូង ត្រាវ និងចេកជាដើម៕