(ញូដេលី)៖ តាមទិន្នន័យចុងក្រោយ ដែលចេញផ្សាយដោយក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃពុធនេះបានឲ្យដឹងថា ករណីឆ្លង COVID-19 នៅទូទាំងប្រទេសបានកើនលើស ២.៣លានករណីហើយ ក្នុងនោះមនុស្ស ៤៦,០៩១នាក់បានស្លាប់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០។
អាជ្ញាធរសុខាភិបាលបានថ្លែងថា ក្នុងរយៈពេល ២៤ម៉ោង យើងបានរកឃើញករណីឆ្លងថ្មីៗចំនួន ៦០,៩៦៣ករណី និងមនុស្ស ៨៣៤នាក់បន្ថែមបានស្លាប់។ ប្រទេសឥណ្ឌាមានករណីឆ្លង លោតដល់ខ្ទង់លើស ៥០,០០០នាក់ក្នុងមួយថ្ងៃ ក្នុងរយៈពេល ១៣ថ្ងៃជាប់ៗគ្នាមកនេះ ដែលបានធ្វើឲ្យចំនួនករណីឆ្លង COVID-19 កើនឡើងយ៉ាងគំហុក។ ដោយឡែក មនុស្សច្រើនជាង ១.៦លាននាក់ បានជាសះស្បើយឡើងវិញ ខណៈអ្នកជំងឺដែលកំពុងតែសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យនាពេលបច្ចុប្បន្ន នៅសល់ ៦៤៣,៩៤៨នាក់។
ប្រទេសឥណ្ឌាកំពុងបង្កើនសមត្ថភាពធ្វើតេស្តរក COVID-19 នៅទូទាំងប្រទេស។ ជាក់ស្តែងយោងតាមតួលេខរបស់ ក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រឥណ្ឌា (ICMR) បានឲ្យដឹងថា គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ ប្រទេសឥណ្ឌាបានពិនិត្យសំណាករក COVID-19 លើមនុស្សសរុបច្រើនជាង ២៦លាននាក់ ក្នុងនោះសំណាកប្រហែលជា ៧៤ម៉ឺននាក់ ត្រូវបានពិនិត្យកាលពីថ្ងៃអង្គារម្សិលមិញ។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានបង្គាប់ឲ្យបង្កើនលទ្ធភាព ក្នុងការធ្វើតេស្តរក COVID-19 នៅរដ្ឋចំនួន ១០ ដែលកំពុងរ៉ាប់រងប្រហែលជា ៨០% នៃករណីឆ្លងថ្មីៗ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសនេះ។ តាមរយៈការធ្វើសន្និសិទតាមវីដេអូ (video-conferencing) ជាមួយថ្នាក់ដឹករដ្ឋទាំង ១០ លោក Modi បាននិយាយថា
ប្រសិនជារដ្ឋទាំង ១០ អាចគ្រប់គ្រងការចម្លងនៃវីរុសនេះបាន នោះប្រទេសទាំងមូលនឹងទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19 ជាក់ជាមិនខាន៕