(លីម៉ា)៖ តាមទិន្នន័យចុងក្រោយ ដែលចេញផ្សាយដោយក្រសួងសុខាភិបាលបេរ៉ូ បានឲ្យដឹងថា ករណីឆ្លង COVID-19 នៅទូទាំងប្រទេសបានកើនលើសកន្លះលាន នាក់ហើយ ខណៈរដ្ឋាភិបាលកំពុងព្យាយាមទប់ស្កាត់ការឆ្លងថ្មីៗ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅ ថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០។
នៅក្នុងទិន្នន័យចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ក្រសួងសុខាភិបាលបេរ៉ូ បានបញ្ជាក់ទៀតថា ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេស បានកើនដល់ ៥០៧,៩៩៦នាក់ ក្នុងនោះមនុស្ស ២៥,៦៤៨នាក់ បានស្លាប់ និង៣៤៨,០០៦នាក់ជាសះស្បើយឡើវិញ។
ប្រធានាធិបតីបេរ៉ូ លោក Martin Vizcarra បានស្តីបន្ទោសកើនឡើងនៃករណីឆ្លង ទៅលើភាពគ្មានទំនួលសុខត្រូវរបស់ប្រជាជន ក្នុងការអនុវត្តគម្លាតសុវត្ថិភាព ក្នុងពីធីគោរពវិញ្ញាណក្ខន្ធដល់វេជ្ជបណ្ឌិត ១២០នាក់ ដែលបានស្លាប់ដោយសារជំងឺ COVID-19 កាលពីថ្ងៃព្រហស្បតិ៍។ ប្រទេសបេរ៉ូមានអត្រាអ្នកស្លាប់ដោយសារជំងឺ COVID-19 ខ្ពស់បំផុតនៅតំបន់អាមេរិកឡាទីន គឺខ្ពស់ជាងប្រទេសឈីលី និងប្រេស៊ីលទៅទៀត។
ដោយឡែក ក្នុងថ្ងៃដដែលនោះដែរ ក្រសួងសុខាភិបាលម៉ិកស៊ិក បានឲ្យដឹងថា ខ្លួនបានកត់ត្រាករណីឆ្លង COVID-19 ថ្មីៗចំនួន ៧,៣៧១ករណី និងមនុស្សចំនួន ៦២៧នាក់បន្ថែម បានស្លាប់ដែលធ្វើឲ្យចំនួនករណីឆ្លងនៅទូទាំងប្រទេសបានកើនដល់ ៥០៥,៧៥១នាក់ ក្នុងនោះ ៥៥,២៩៣នាក់បានស្លាប់។
រដ្ឋាភិបាលម៉ិកស៊ិក បានបញ្ជាក់ថា ករណីឆ្លងជាក់ស្តែងអាចមានចំនួនច្រើនជាងនេះ ខណៈដែលកំពុងព្យាយាមទប់ស្កាត់ការឆ្លងថ្មីៗ៕